(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ សាស្រ្តាចារ្យនយោបាយ និងប្រវត្តិសាស្រ្តខ្មែរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រតិកម្មនឹងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងសារព័ត៌មានមួយចំនួនទៀត ដែលបានស្រង់សម្តីរបស់លោកខុសដោយផ្សាយថា «លោកនិយាយថា សហរដ្ឋអាមេរិកជាអ្នកបញ្ជាឱ្យ ទណ្ឌិត សម រង្ស៉ី ជេរប្រមាថព្រះមហាក្សត្រ»

លោក រស់ ចន្ត្រាបុត្រ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្សព្វផ្សាយបែបនេះ គឺខុសទៅនឹងខ្លឹមសារដើមរបស់លោក។ លោកបញ្ជាក់ថា ក្នុងការនិយាយក្នុងសន្និសីទនោះ លោកចង់មានន័យថា «សម រង្ស៉ី ពេលនេះកំពុងទាល់ច្រក ហើយភូតគេរហូតដល់ពេលទាល់ច្រកក៏រកលេសយ៉ាងម៉េចថា មកចូលទឹកដីកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា អញ្ចឹងយកលេសសព្វគ្រប់បែបយ៉ាង ហើយលេសមួយចុងក្រោយនេះ គឺប្រមាថដល់អង្គព្រះមហាក្សត្រ ដល់ការប្រមាថនេះ ត្រូវមានប្រតិកម្ម ពីខាងរាជរដ្ឋាភិបាលយើងសព្វគ្រប់បែបយ៉ាងទៅ វាអាចនឹងយកលេសថា ជាការចោទប្រកាន់ ការតាមរកចាប់ចង ហើយ សម រង្ស៉ី មិនអាចចូលស្រុកខ្មែរបានទេ។ ខ្ញុំបាននិយាយក្នុងន័យនេះ មិនមែនមានន័យថា អាមេរិកាំងប្រើ រង្ស៉ី ឱ្យជេរទេ»

លោកបណ្ឌិត បានបន្តថា៖ «ទាក់ទងនឹងអាមេរិកាំង ខ្ញុំបាននិយាយថា សេនារីយោទាំងអស់ក្នុងរឿងដែល រង្ស៉ី ម្តងទៅនេះម្តងទៅនោះ គឺជាសេនារីយូ ដែលខ្ញុំជឿថា មិនមែនសម រង្ស៉ី រៀបចំនោះទេ ដែល រង្ស៉ី ម្តងចេញទៅនេះម្តងចេញទៅនោះ គឺជាសេនារីយូដែលអាមេរិកចង់ឱ្យរង្ស៉ីធ្វើដូចជា ការចង់ចូលមកស្រុកខ្មែរអញ្ចឹង»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកសាស្ត្រាចារ្យ រស់ ចន្រ្តាបុត្រ បានចូលរួមនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី៕