(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងលទ្ធផលប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២០ ដែលបានសម្រេចដំឡើងដល់ ១៩០ដុល្លារអាមេរិក ក្នុងមួយខែនោះ បានធ្វើឱ្យភាគីរាជរដ្ឋាភិបាល និងភាគីនិយោជកមានការពេញយ៉ាងខ្លាំង ថ្វីដ្បិតតែមានបញ្ហាមួយចំនួនបង្កប់នៅក្នុងនោះក៏ដោយ តែចំពោះភាគីសហជីពវិញ ហាក់មិនសូវពេញចិត្តចំពោះតួលេខនេះឡើយ ខណៈខ្លួនបានស្នើដល់ទៅ ១៩៥ដុល្លារ ឯណោះ។

ក្រោយបញ្ចប់កិច្ចពិភាក្សាសម្រេចការដំឡើងប្រាក់ឈ្នួលអប្បបរមាខាងលើ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួលទាំងផ្ទៃក្នុង ទ្វេភាគី និងត្រីភាគី សរុបចំនួន ១៣លើក ពិតជាមានបរិយាកាសល្អប្រសើរ មានភាពសកម្ម ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពចាស់ទុំជាងមុន។

លោក អ៉ិត សំហេង បានបន្តថា ទាំងអស់គ្នាបានទទួលយកលទ្ធផលនេះ ទោះបីតួលេខមិនដូចគ្នា លេខរបស់សហជីពខ្ពស់តួលេខ ខាងនិយោជកទាប រាជរដ្ឋាភិបាលនៅកណ្ដាលក៏ដោយ តែចុងក្រោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចបានលទ្ធផលមួយ ដែលអាចទទួលយកបាន។

លោករដ្ឋមន្ត្រីបានបន្ថែមថា ភាគីសហជីពបានស្នើឡើងចំនួន ១៣ចំណុច។ ចំពោះសំណើដែលជាសមត្ថកិច្ចរបស់ក្រសួងការងារ ក្រសួងនឹងខិតខំដោះស្រាយជូន ចំពោះសំណើពាក់ព័ន្ធនឹងអន្តរក្រសួង ស្ថាប័ន ក្រសួងការងារនឹងបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នដទៃទៀត ដើម្បីរកដំណោះស្រាយជូនកម្មករនិយោជិត។ មានបញ្ហាមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងយន្តការត្រីភាគី។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ ខាងភាគីនិយោជក ក៏បានលើកឡើងនូវសំណើចំនួន ៤ចំណុច ពាក់ព័ន្ធនឹងការសម្រួលពាណិជ្ជកម្ម នីតិវិធីផ្សេងៗ ហើយក្រសួងការងារនឹងយកសំណើណា ដែលជាសមត្ថកិច្ចរបស់ខ្លួន មកពិនិត្យ និងដោះស្រាយជូន ព្រមទាំងនឹងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដោះស្រាយបន្តទៀត ដូចការសន្យាចំពោះភាគីសហជីពដែរ។

លោកឧកញ៉ា វ៉ាន់ សូអៀង តំណាងខាងភាគីនិយោជក បានឱ្យដឹងថា ភាគីខាងលោកទទួលយកបានចំពោះលទ្ធផលនេះ ហើយសង្ឃឹមថាការអនុវត្តប្រាក់ឈ្នួលថ្មី ១៩០ដុល្លារ ក្នុងមួយខែ នឹងប្រព្រឹត្តទៅតាមការកំណត់។

លោក វ៉ាន់ សូអៀង បានបង្ហាញបញ្ហាមួយចំនួន ដែលភាគីនិយោជកបានស្នើទៅកាន់តែរារដ្ឋាភិបាល គឺស្នើសុំឱ្យរាជរដ្ឋាភិបាលបញ្ចុះការបង់ពន្ធលើប្រាក់ចំណេញ និងតម្លៃអគ្គិសនី។ សំណូមពរផ្សេងដែលនិយោជកស្នើទៅកាន់សហជីព ក៏ដូចជាកម្មករនិយោជិតនោះ គឺសុំឱ្យបង្កើនផលិតភាពការងារ ខណៈប្រាក់ឈ្នួលក៏ចេះតែកើនឡើង សូម្បីតែថ្ងៃឈប់សម្រាករបស់កម្មករញឹកពេក ក៏និយោជកមិនសូវពេញចិត្តដែរ ទើបស្នើឱ្យមានការកាត់បន្ថយខ្លះ។

តំណាងភាគីនិយោជករូបនេះ បានអះអាងថា ការធ្វើបែបនេះបាន គឺជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា និងអាចរក្សាបានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសមួយចំនួនក្នុងតំបន់។

តាមការឱ្យដឹងរបស់លោក អាត់ ធន់ តំណាងខាងភាគីសហជីព ហាក់បង្ហាញការមិនសូវពេញចិត្តចំពោះការសម្រេច១៩០ដុល្លារ ក្នុងមួយខែនេះ ពីព្រោះបើប្រៀបធៀប ទៅនឹងការដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០១៩ ឡើងបាន១២ដុល្លារ (ឆ្នាំ២០១៨ មានចំនួន១៧០ដុល្លារ) ប៉ុន្តែនៅឆ្នាំ២០២០ ឡើងបានតែ៨ដុល្លារប៉ុណ្ណោះ។

លោកក៏បានគាំទ្រដល់ការស្នើឱ្យបង្កើនផលិតភាពឱ្យបានច្រើនបន្ថែមផងដែរ ដើម្បីបង្កើនជំនាញដល់កម្មករផង និងបង្កើនការប្រកួតប្រជែងនាំចេញផង ប៉ុន្តែលោកក៏មិនយល់ស្របចំពោះការកំណត់ឱ្យបង្កើនផលិតភាពហួសហេតុពេក ដែលនាំឱ្យប៉ះពាល់ដល់សុខមាលភាពកម្មករ ធ្វើឡើងកម្មករមានការត្អូញត្អែរ ហើយបញ្ហានេះបានកើតឡើងរយៈពេល៣ឆ្នាំមកហើយ។

នាឱកាសពិភាក្សានោះ ភាគីសហជីពបានស្នើឱ្យនិយោជកផ្ដល់អាហារត្រង់ដល់កម្មករនិយោជិត ឬផ្ដល់លុយសម្រាប់អាហារថ្ងៃត្រង់នេះ១ដុល្លារ ហើយត្រូវមានរថយន្ត សម្រាប់ដឹកជញ្ជូនកម្មករពីស្នាក់នៅទៅមកកន្លែងកន្លែងធ្វើការ ឬផ្ដល់ប្រាក់ក្នុងតម្លៃសមរម្យសម្រាប់ឱ្យពួកគាត់ជិះរថយន្តខ្លួនឯង ដែលមានសុវត្ថិភាព៕