(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ម៉ក់ ស៊ីថា និងបុត្រាបុត្រី ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាល លោកទីប្រឹក្សាក្រសួង លោក លោកស្រី ជាមន្ត្រីរាជការ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានមូលមតិគ្នាជាឯកច្ឆន្ទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិខ្មែរ ទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ និងសូមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទទាំងអស់ ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។

បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើន បាននាំយកមកប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តមង្គលសិរីកៀនឃ្លាំង៕