(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមចំនួន ២៧០នាក់ ក្នុងនោះស្ត្រីចំនួន៤ នាក់។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញវិធានការសំខាន់ៗចំនួន ៨ចំណុច ដើម្បីរក្សាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការណែនាំដល់នាយកដ្ឋានកណ្តាលនាយកដ្ឋាន អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមមាន៖

*ទី១៖ ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់ និងវិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានាពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាព ល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា។
*ទី២៖ ត្រូវជំរុញការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការដើម្បីបំបាត់ប្រសិទ្ធភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើ
សកម្មភាពបង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។
*ទី៣៖ ត្រូវចាត់វិធានការការពារយ៉ាងហ្នឹងម៉ាត់ គ្រប់គោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្ដសប្បាយនានា ដូចជា៖ ទីវត្តអារ៉ាមប្រាង្គប្រាសាទ រមណីយដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្តិសុខ និងធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិដែលយាង និងអញ្ជើញទៅចូលរួមពិធីបុណ្យ។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់យាមកាមល្បាតការពារផ្ទះសំបែងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលចាកចេញទៅស្រុកកំណើត ឬទៅសម្រាកកម្សាន្ដ នៅតាមតំបន់នានាទាំងគ្រួសារ។ល។
*ទី៤៖ ត្រូវបន្តយកចិត្តទុកដាក់រឹតបន្តឹងត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យនៅចំណុចដើមទី និងមានផែនការជាមុន ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវជាតិ ទីប្រជុំជន ច្រកចេញចូលរាជធានី-ខេត្តឲ្យបានល្អ ធានាកាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ដែល
អាចកើតឡើងជាយថាហេតុ។ ត្រូវសហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដើម្បីផ្តល់ ព័ត៌មានទាន់ហេតុការណ៍ជូនប្រជាជន បានជ្រាបអំពីការកកស្ទះចរាចរណ៍ដើម្បីបង្វែរទិស។
*ទី៥៖ ត្រូវយកចិត្តទុកដាក់អប់រំពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្ន ចំពោះគ្រោះមហន្តរាយនានា និងត្រូវរៀបចំកម្លាំង និងមធ្យោបាយត្រៀមអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ដូចជា៖ អគ្គិភ័យ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះថ្នាក់ផ្សេងៗ។ល។
*ទី៦៖ ត្រូវរៀបចំប្រតិភូ និងអំណោយ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលនៅសមរភូមិមុខ, កម្លាំងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ គេហដ្ឋាន និងគ្រួសារមន្ត្រីនគរបាលដែលបានពលី ឬរងរបួសក្នុងបុព្វហេតុការពារជាតិ។
*ទី៧៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ ដើម្បីត្រៀមអន្តរាគមន៍ ពេលមានហេតុការណ៍ចៃដន្យកើតឡើង និងត្រូវរៀបចំមន្ត្រីក្រោមឱវាទ ឲ្យមានការផ្លាស់ប្តូរគ្នាប្រចាំការ និងចូលរួមពិធីបុណ្យឲ្យបានគ្រប់ៗគ្នា។
ទី៨៖ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផល នៃការអនុវត្តន៍វិធានការការពារសន្តិសុខសណ្តាប់ធ្លាប់ ក្នុងអំឡុងពេលកាន់បិណ្ឌជាពីរផ្សេងៗគ្នា គឺ៖ (ចាប់ពីបិណ្ឌទី១ ដល់ថ្ងៃភ្ជុំបិណ្ឌ និងរយៈពេលបីថ្ងៃ សម្រាកបុណ្យភ្ជុំបិណ្ឌ) រាយការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដោយសង្កត់ធ្ងន់ទៅលើវិន័យកងកម្លាំងពង្រឹងវេនប្រចាំបញ្ជា២៤/២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ជាពិសេសត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។

ទន្ទឹមនោះដែរ លោកស្នងការ បានណែនាំកងកម្លាំង ត្រូវបន្តចូលរួមឱ្យបានសកម្មផុលផុស ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដោយសម្តែងការកោតសរសើរដល់កងកម្លាំង នគរបាលខេត្ត ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋរយៈពេលកន្លងមក៕