(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសរៀបចំគម្រោងដែលហៅថា «ថ្ងៃខ្មែរ»។ ការលើកឡើងនេះ នៅចំពោះមុខសិស្សានុសិស្ស និងអ្នកចូលរួមប្រមាណ ៣០០នាក់ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិក្សា២០១៨-២០១៩ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដែលទទួលបាននិទ្ទេស A និង B មណ្ឌលខេត្តសៀមរាប និងការប្រគល់ម៉ូតូជូនសិស្សទទួលបាននិទ្ទេស A ចំនួន ៣៨នាក់ នៅរដ្ឋបាលសាលាខេត្តសៀមរាប នៅទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានគម្រោង ចំពោះសាលាខេត្តយើង ហើយជាពិសេស គឺក្នុងពេលដោយឡែកនៃបុណ្យជាតិរបស់យើង គឺខ្ញុំមានគម្រោងមួយ ដោយសារខេត្តសៀមរាប ជាខេត្តវប្បធម៌ ប្រវត្តិសាស្ត្រ និងមានមហាប្រាង្គប្រាសាទបូរាណជាច្រើន គឺមានគម្រោងរៀបចំ ដែលហៅថា «ថ្ងៃខ្មែរ»

លោកបានគូសបញ្ជាក់ថា តើ «ថ្ងៃខ្មែរ» មានន័យថាម៉េច គឺមានន័យថា យើងនឹងប្រារព្ធពេញមួយថ្ងៃ នៅខេត្តសៀមរាបរបស់យើង ក្នុងការតុបតែងខ្លួនប្រាណតាមបែបប្រពៃណីយ៍ជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅតាមស្រុកក្រុងនានា។ លោកបន្តថា «ចឹងថ្ងៃហ្នឹង បើយើងប្រារព្ធ គឺខ្ញុំបាទនឹងក្រោកពីដំណេកពីព្រលឹមមក ដឹងតែស្លៀកក្បិន ពាក់អាវខ្មែរ យកតែម្ដងហើយ ទាំងពីរនាក់ប្ដី-ប្រពន្ធ គឺពាក់បែបហ្នឹង រួចដើរពេញមួយថ្ងៃទាំងចូលរួមកម្មវិធីទាំងទៅបរិភោគអាហារ និងសកម្មភាពផ្សេងៗផងដែរ គឺស្លៀកពាក់សំលៀកបំពាក់ជាខ្មែរ។ គឺខ្ញុំសុំលើកប្រកាសថ្ងៃនេះ ហើយនឹងកំណត់ថ្ងៃណាមួយដាក់កំណត់ថា ក្នុងខេត្តសៀមរាប គឺយើងមានថ្ងៃខ្មែរមួយ គឺនាំគ្នាពាក់ខោអាវខ្មែរដើរលេងឲ្យពេញក្រុងម្ដង។

ក្នុងឱកាសនោះផងដែរ លោកក៏បានផ្ដាំផ្ញើ និងសុំឲ្យយុវជនដែលជាសិស្សានុសិស្ស ព្រមទាំងនិស្សិត ហើយថ្ងៃនេះ ក៏មានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមផងដែរ ចឹងខ្ញុំសុំឲ្យប្អូនៗ ពេលដែលចប់ការសិក្សាហើយ មានការបន្តការសិក្សា សុំកុំភ្លេចក្នុងការចូលរួម ជាមួយការងារសង្គម ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបានផ្សព្វផ្សាយនូវ «សៀមរាប ផ្ទះខ្ញុំ» ក៏ដូចជាបញ្ហាផ្សេងៗ ក្នុងខេត្តសៀមរាប ដើម្បីការងារយកចិត្តទុកដាក់ជាពិសេស គឺបញ្ហាពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងក្រុង និងនៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។

សូមគូសបញ្ជាក់ថា សម្រាប់អ្នកខេត្តសៀមរាប ក៏ដូចជា មហាជនមួយចំនួន ពិតជាបានជ្រាបខ្លះៗហើយថា លោកស្រី ទាង អេង ទៀ សីហា ជាអនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប និងជាភរិយារបស់លោក ទៀ សីហា គឺលោកស្រីរួមជាមួយស្រ្ដីៗ ដែលជាភរិយាថ្នាក់ដឹកនាំ និងមិត្តភក្ររបស់គាត់ ជារ៉ើយៗ តែងតែបានបង្ហាញ នូវការតុបតែងខ្លួន ចូលរួមក្នុងកម្មវិធីផ្សេងៗ ជាមួយនឹងសំលៀកបំពាក់ តាមបែបប្រពៃណីយបូរាណខ្មែរ ឬ/និងមានលក្ខណៈបែបជាការច្នៃប្រឌិតដោយស្នាដៃខ្មែរ។

លោកស្រី បានលើកឡើងទៀតថា «កត្តាសំខាន់ដែលបណ្តាលឱ្យនាងខ្ញុំងាកមកស្រឡាញ់ និងគាំទ្រសិប្បកម្មកាបូបកំប្លោក ធ្វើពីស្នាដៃរបស់ខ្មែរយើង ព្រោះនាងខ្ញុំមើលឃើញថា នេះគឺជាសិល្បៈ និងវប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរយើង ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះយើងគួរតែងាកមកផ្តល់តម្លៃ និងលើកស្ទួយសិប្បកម្មផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែម»

កន្លងទៅលោកស្រី បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់ នៅភូមិភាគអាស៊ីអាគ្នេយ៍។ ជារៀងរាល់ឆ្នាំនៅខែមេសា ប្រទេសកម្ពុជាយើងតែងតែប្រារព្ធកម្មវិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ។

ដោយឡែកក្នុងឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានសហការគ្នា រៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលមានទីតាំងនៅជុំវិញសួនច្បារព្រះអង្គចេក ព្រះអង្គចម។ កម្មវិធីនៃព្រឹត្តិការណ៍ រួមមានពិធីទទួលទេវតាឆ្នាំថ្មី ពិធីទៅវត្ត និងវាលុកចេតិយ កម្មវិធីគោមបណ្តែត និងបួងសួងសុំសេចក្តីសុខ កម្មវិធីលេងល្បែងប្រជាប្រិយ កម្មវិធីស្រង់ព្រះ និងកម្មវិធីលេងទឹកជុំគ្នា។

លោកអភិបាលខេត្ត និងលោកស្រី មានការស្រឡាញ់ និងគាំទ្រនូវសិល្បៈ វប្បធម៌ អរិយធម៌ ទំនាមទម្លាប់ សំលៀកបំពាក់ របស់ប្រើប្រាស់ប្រាំថ្ងៃ ដ៏យូរឡុងរបស់ខ្មែរយើង ដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះហើយ ទើបជាហេតុដែលលោកអភិបាល បានប្រកាស់រៀបចំគម្រោង ដែលហៅថា «ថ្ងៃខ្មែរ» នេះឡើង ក្នុងគោលបំណង ដើម្បីរួមគ្នាតែងាកមកផ្តល់តម្លៃ និងលើកស្ទួយនូវរាល់សំលៀកបំពាក់ រួមនិងលើកស្ទួយ/គាំទ្រនូវរាល់សិប្បកម្មផលិតក្នុងស្រុកអោយបានច្រើន ដើម្បីជួយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែមទៀតផងដែរ៕

Advertising