(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ បានក្រើនរំលឹកឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន លើបញ្ហាបទល្មើស ធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ធ្វើយ៉ាងណាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

ការក្រើនរំលឹកបែបនេះរបស់លោក ប្រាក់ សុវណ្ណ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានដាក់ចេញនូវវិធានការបន្តសម្រាប់ ត្រីមាសទី៤ ខាងមុខនេះ សំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចសហប្រតិបត្តិការ ល្អលើគ្រប់វិស័យទាំងក្នុង និងជាមួយប្រទេសជិតខាង។

លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗ រួមមានទី១៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសនានា, ទី២៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង តាមបណ្តោយព្រំដែន ដោយធ្វើការបង្កើនទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអាជ្ញាធរ កងកម្លាំង និងកងម្លាំងជាមួយ ខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-ថៃ ត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ជាប្រចាំដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្ត និងបទល្មើសឆ្លងដែន ព្រមទាំងបទល្មើសផ្សេងៗទៀត តាមបណ្តោយព្រំដែន, ទី៣៖ គណៈបញ្ជការឯកភាពស្រុកត្រូវប្រុងប្រយ័ត្ន និងត្រៀមបង្ការ ចំពោះទឹកជំនន់ដែលអាចកើតឡើងជាថ្មី ព្រមទាំងបូកសរុបរបាយការណ៍ អំពីផលប៉ះពាល់ និងការខូចខាតអំពីទឹក ជំនន់ជាប្រចាំរួចបញ្ជូនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា, ទី៤៖ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមទីវត្តអារាម និងសន្តិសុខ សុវត្ថិភាព តាមលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះ ត្រូវតាមដាន និងក្តាប់សភាពការណ៍ឱ្យបានសព្វជ្រុងជ្រោយក្នុងភូមិសាស្រ្តរបស់ខ្លួន និងរាយការណ៍មកថ្នាក់លើជាប្រចាំ ដើម្បីចាត់វិធានការបានទាន់ពេលវេលា ទៅលើសកម្មភាពកៀងគរកម្លាំងប្រមូលផ្តុំ ដើម្បីឡើងទៅទទួលជនក្បត់ជាតិ សម រង្សី នៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងន័យរក្សាឱ្យបាននូវសន្តិសុខសណ្តាប់សង្គម និងសន្តិភាពជាតិ និងទី៥៖ រដ្ឋបាលខេត្តនឹងចាត់វិធាន ការដកហូតដីព្រៃឈើដែលបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ មកជាសម្បត្តិរដ្ឋវិញ ព្រមទាំងនិរាករណ៍នូវ រាល់ឯកសារបញ្ជាក់ខុសឆ្គងនានា លើដីព្រៃឈើនោះ និងណែនាំមិនឱ្យអាជ្ញាធរឃុំ និងស្រុកបញ្ជាក់លើឯកសារ ដីព្រៃឈើរបស់រដ្ឋជាដាច់ខាត៕

Advertising