(ត្បូងឃ្មុំ)៖ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមគន្លងទំនៀមទំលាប់ប្រពៃណីសាសនា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងអាជ្ញាធរក្រុងសួង និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តពណ្ណរាយ ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ថ្លែងទៅកាន់លោកតា លោកយាយ នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងនូវសមិទ្ធិផលយ៉ាងច្រើន ដែលបានកសាង កំពុងកសាង និងបន្តកសាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យទាំងវិស័យអាណាចក្រ ពិសេសវិស័យពុទ្ធចក្រនេះតែម្តង។

លោកអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាស្ត្រ នយោបាយឈ្នះឈ្នះ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទាន បានដោយសេរី ធ្វើឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋមានលទ្ធភាព និងឱកាសធ្វើបុណ្យនានា ជុំបងប្អូនដោយសប្បាយរីករាយបែបនេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។

លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ក៏បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ២លានរៀល ព្រមទាំងបង្គោលភ្លើង១០បង្គោល ស្មើនឹង៦០០ដុល្លារ ប្រគេនជូនវត្តពណ្ណាយ សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិកាដល់លោកតា លោកយាយ និងប្រជាពលរដ្ឋ កុមារា កុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាល ក្នុងនាមជាមេគ្រួសាររបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល៕