(សៀមរាប)៖ លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សប្រឡងជាប់ក្នុងឆ្នាំសិក្សា២០១៩ និងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង៣៨នាក់ ក្នុងម្នាក់ៗ ម៉ូតូ ១គ្រឿង, ថវិកា ២០ម៉ឺនរៀល កាបូបស្ពាយ១ និងសិស្សនិទ្ទេស B ១៩០នាក់ ម្នាក់ៗទទួលថវិកា ២០០ដុល្លារ ហើយសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសA និង B ទទួលបាននូវលិខិតសរសើរពីរដ្ឋបាលខេត្តសៀមរាបផងដែរ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី, រួមនិងវត្តមានរបស់លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា៖ សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិក្សា២០១៨-២០១៩ សម័យប្រឡង ១៩ ខែសីហា ឆ្នាំ២០១៩ មណ្ឌលខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,៤៩២នាក់ (ស្រី ៤,៧២៩នាក់) ។ សិស្សដែលប្រឡងជាប់សរុប ៦,៥១១នាក់ (ស្រី ៣,៧៦៣នាក់) ស្មើនឹង ៧៧,២៥%។ ហើយនិទ្ទេសC ចំនួន៤៧៤នាក់ (ស្រី ២៩៤នាក់) និទ្ទេសD ១,៣១៤នាក់ (ស្រី ៨២៨នាក់) និងនិទ្ទេស E ៤,៤៩៥នាក់ (ស្រី ២,៥២១នាក់)៕