(ភ្នំពេញ)៖ ក្នុងគោលបំណងរួមចំណែកគាំទ្រលើវិស័យសិក្សាអបើរំ និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ ដែលជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិរិត២ ដោយបានពន្ទុនិទ្ទេស A ចំនួន ០៨នាក់ មកពីវិទ្យាល័យនានាក្នុងខណ្ឌសែនសុខ បានទទួលអំណោយជាមធ្យោបាយធ្វើដំណើរ គឺម៉ូតូម៉ាកវ៉េវ ផលិតឆ្នាំ២០២០ ម្នាក់ៗទទួលបាន ១គ្រឿង។

ពិធីប្រគល់ម៉ូតូជូនប្អូនៗ សិស្សជាប់និទ្ទេស A ទាំង០៨នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នៅក្នុងសាលាខណ្ឌសែនសុខក្រោមអធិតីភាពលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ។

នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្អូនៗសិស្សជាប់និទ្ទេស A ទាំង០៨នាក់ ក្នុងនោះមានសិស្សនារី ០៣នាក់ លោកអភិបាលខណ្ឌ ម៉ូវ ម៉ានិត បានថ្លែងអំណរគុណដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ដែលបានជួយឧបត្ថម្ភក្នុងការផ្តល់ជាម៉ូតូទាំង ០៨គ្រឿងនេះ ដើម្បីជាមធ្យោបាយសម្រាប់ប្អូនៗ បន្តការសិក្សារទៅមុខទៀត។

ជាមួយគ្នានោះដែរ លោកអភិបាល ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ដែលខិតខំយកចិត្តទុកដាក់អប់រំដល់សិស្សបានល្អ រហូតប្រឡងជាប់និទ្ទេស A ទាំង០៨នាក់។

លោកបានបន្តកោតសរសើរដល់ប្អូនៗ ដែលខិតខំយកចិត្តទុកដាក់រៀនសូត្រស្តាប់បង្គាប់គ្រូ តស៊ូលំបាករហូតបានប្រឡងជាប់ស្ថាពរសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាមិនធ្វើឲ្យលោកគ្រូ អ្នកគ្រូ អស់សង្ឃឹមមែន ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្អូនៗ សិស្សានុសិស្ស។

លោកអភិបាលខណ្ឌ បានជម្រុញលើកទឹកចិត្ត និងចែករំលែកនូវបទពិសោធន៍ពីជីវិតការងារដល់ប្អូនទាំង ៨នាក់ សូមឲ្យខិតខំរៀនសូត្របន្តនៅថ្នាក់បរិញ្ញាបត្រ ត្រូវរៀនឲ្យចេះគ្រប់មុខកុំប្រកាន់ ត្រូវស្តាប់បង្គាប់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ដើម្បីទៅកាន់ភាពជោគជ័យធ្វើឲ្យជីវិតប្រសើរឡើង៕