(កណ្តាល)៖ លោក តាំង ម៉េងលាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបែកចាន ស្រុកអង្គស្នួល និងជាអភិបាលរងខេត្តកណ្តាល និងលោក ភឺន ផល្លា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកអង្គស្នួល ទទួលឃុំបែកចាន និងលោកស្រី សាយ សោភា រួមទាំងសហការី បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងពិធីអញ្ជើញកាន់បិណ្ឌនោះលោកទាំង២ បានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានលើកឡើងពីប្រវត្តិខ្លះៗ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យធំៗដទៃទៀត នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងរយៈពេល នៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរយើង បានធ្វើបុណ្យដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅតាមបណ្តាវត្ត ជិតឆ្ងាយ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ដែលយើងធ្វើបញ្ជូនទៅដល់ដួងវិញ្ញាណក្ខន្ធញាតិទាំង ៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។

ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រវត្តិធ្វើនៃពិធីបុណ្យរបស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់នៃប្រវត្តិសាស្រ្តខ្មែរអស្ចារ្យ។

ក្នុងពិធីកាន់បិណ្ឌនេះដែរ លោក និង លោកស្រី បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួន និងបច្ច័យសរុបប្រមាណ ៤, ៤៤៥, ០០០រៀល (បួនលានបួនសែនបួនម៉ឺនប្រាំពាន់រៀល) និងប្រាក់ដុល្លារសរុបចំនួន៨៧១ដុល្លារ ដល់កិច្ចកសាងទីអារាម ជូនមន្ត្រីប៉ូលីសនិងកម្លាំងប្រជាការពារសរុប ៣៣នាក់ម្នាក់ៗទទួលបានថវិកា៤០០០០៛ (បួនម៉ឺនរៀល) ជូនក្រុមភ្លេង ប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងវត្តនិងលោកយាយលោកតាសរុបទឹកប្រាក់១៥៣០០០០រៀលផងដែរ៕