(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជាបិណ្ឌវេនទី៧, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បានអញ្ជើញប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សកូល វេរភត្តាហារប្រគេនព្រះសង្ឃ នៅវត្តនិគ្រោធវន័ ហៅវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ទៅតាមគន្លងប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៤ថ្ងៃ មុនបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យធំ ត្រូវបានប្រជាពុទ្ធបរិស័ទធ្វើឡើងក្នុងន័យឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាញាតិការទាំង ៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ សូមមកទទួលអានិសង្ឃដែលកូនចៅឧទ្ទិសជូនទៅ។ នេះជាវត្តទី២ ហើយដែលលោកអភិបាល និងលោកស្រី បានទៅកាន់បិណ្ឌបន្ទាប់ពីវត្តលង្ការព្រះកុសុមារាម ក្នុងខណ្ឌបឹងកេងកង។

បងប្អូនប្រជាពលរដ្ឋបានសំដែងក្តីសោមនស្សរីករាយប្រកបដោយសទ្ធាជ្រះថ្លាក្នុងសុខសន្តិភាព ដោយមិនបានខ្វាយខ្វល់ពីការញុះញង់ បំផ្លិចបំផ្លាញសង្គមជាតិ ពីក្រុមឧទ្ទាមក្រៅច្បាប់ដែលមាន បំណងបំផ្លាញ សេចក្តីសុខសាន្តនិងការអភិវឌ្ឍន៍របស់សង្គម និងប្រជាពលរដ្ឋនោះឡើយ។

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យកម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរដែនដីគ្រប់ខណ្ឌសង្កាត់ ត្រូវពង្រឹងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់នៅគ្រប់វត្តអារាមទូទាំង រាជធានីភ្នំពេញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យទានដោយស្ងប់អារម្មណ៍ មិនមានការភ័យខ្លាចព្រមទាំងការរៀបចំសំរួលចរាចរណ៍ តាមដងផ្លូវនានាជូនប្រជាពលរដ្ឋធ្វើដំណើរ ឲ្យងាយស្រួលផងដែរ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ ក៏ត្រូវរំលឹកដល់ប្រជាពលរដ្ឋកុំឲ្យធ្វេសប្រហែសពីគ្រោះអគ្គិភ័យ និងការពារផ្ទះសម្បែងរបស់បងប្អូន។

ចំពោះទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ សាដក, មី, ទឹកសុទ្ធ, ទឹកក្រូច, អង្ករ ស្ករស, ផ្លែឈើ, ត្រីខកំប៉ុង, ទឹកដោះគោខាប់, ក្រណាត់ស, បច្ច័យសំរាប់ប្រគេនព្រះសង្ឃ តាជី ដូនជី សីលវា និងកូនសិស្សលោកផងដែរ៕