(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ទើបនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគរ ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់ទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ខាងមុខនេះ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានយកគំរូម្ហូបអាហារចំនួន៣៤ គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា៖ បន្លែគ្រប់មុខ ប្រហុក ផ្អក មាំ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ នឹងបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។

ក្នុងឱកាសដឹកនាំផ្ទាល់ត្រួតពិនិត្យចំណីអាហារនេះ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានណែនាំ និងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែម នូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តនោះ គឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិត និងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។

លោក គង់ វុទ្ធី បញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូល នៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថា បន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកឲ្យមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយ នឹងធ្វើការដកហូតភ្លាមៗតែម្តង៕