(កំពង់ឆ្នាំង)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មាន រយៈ ពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២... និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារ ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមមិនឱ្យដាច់ឡើយ។

យ៉ាងណាមិញ ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ព្រះនាម ម៉ុច សៅលី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បែរជាបានដង្ហើយហៅពុទ្ធបរិស័ទ្ធយកចង្ហាន់ទៅវត្តទៅវិញ គឺវត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលវត្តមួយនេះមិនមានពុទ្ធបរិស័ទច្រើនវេននោះទេ ជាក់ស្តែងពេញមួយរដូវភ្ជុំបិណ្ឌនេះមានតែ ៤វេនប៉ុណ្ណោះ។

ព្រះចៅអធិការវត្តក្រឡាញ់ចាស់ មានសង្ឃដីការប្រាប់ឱ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា «ឆ្នាំណាដូចឆ្នាំណា អត់វេនរហូត អាត្មាភាពព្រះចៅអធិការវត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សូមជំរាបជូនដំណឹង ជូនញាតិញោមគ្រប់គ្នាឱ្យបានជ្រាបថា ក្នុងរដូវបុណ្យកាន់បិណ្ឌ សំរាប់វត្តក្រឡាញ់ចាស់ ឆ្នាំនេះមានតែ ៤វេនទេ សំរាប់១៥ថ្ងៃ ផុតពីនឹងទៅត្រូវដោះស្រាយខ្លួនឯង គឺមានដូចជា៖ វេនទី១ (អត់វេន), វេនទី២ មានវេន, វេនទី៣ (អត់វេន), វេនទី៤ (អត់វេន), វេនទី៥ (អត់វេន), វេនទី៦ (អត់វេន), វេនទី៧ មានវេន, វេនទី៨ (អត់វេន), វេនទី៩ (អត់វេន), វេនទី១០ មានវេន, វេនទី១១ (អត់វេន), វេនទី១២ (អត់វេន), វេនទី១៣ (អត់វេន), វេនទី១៤ (អត់វេន) វេនទី១៥ ភ្ជំបិណ្ឌធំ សូមញាតិញោម ចូលរួមជួយតាមសទ្ធា យកចង្ហាន់ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៥អង្គ លេខទូរសព្ទអាត្មាភាព ម៉ុច សៅលី 015 896 999 / 090 896 999 / 097 55 08 097 »

ព្រះភិក្ខុ ម៉ុច សៅលី មានសង្ឃដីការអំពាវនាវឱ្យពុទ្ធបរិស័ទ ដែលមានបំណងនាំក្រុមគ្រួសារយកចង្ហាន់ទៅប្រគេនព្រះសង្ឃ សូមមកវត្តក្រឡាញ់ចាស់នេះផង ព្រោះវត្តដ៏កំសត់មួយនេះ មិនមានពុទ្ធបរិស័ទ យកចង្ហាន់ មកបានគ្រប់វេននោះទេ។ ព្រះតេជគុណបានមានសង្ឃដីការបញ្ជាក់ថា «អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេនដូចវត្តគេផ្សេងៗ ទៅគ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនគ្រប់ទៀត។

គួរបញ្ជាក់ដែរថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕