(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានគូសបញ្ជាក់ថា អាជ្ញាធរត្រូវព្រមានយ៉ាងម៉ឺងម៉ាត់ ដល់បុគ្គលដែលមានស្តុកទុកនូវផលិតផលក្លែងក្លាយ និងបិទអាជីវកម្ម។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅកម្ពុជា» ដែលរៀបចំធ្វើឡើងដោយ គ.ប.ផ.ក សហការជាមួយស្ថានទូតថៃ ប្រចាំកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចថៃ នៅកម្ពុជា នាសណ្ឋាគារ The Great Duke នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

សិក្ខាសាលានេះ មានវាគ្មិនអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវាគ្មិនជាមន្ត្រីជាន់ខ្ពស់ របស់គណៈកម្មាធិការ គ.ប.ផ.ក។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកឡើងថា ការផលិតផលក្លែងក្លាយ ដែលជាការចម្លងម៉ាកផ្សេងៗ នៃផលិតផលដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង ផលិតផលឱសថ គ្រឿងបន្លាស់យន្តហោះ និងយានយន្ត នាឡិកា គ្រឿងអេឡិចត្រូនិក វត្ថុសិល្បៈរបស់ក្មេងលេង និងខ្សែភាពយន្ត -ល- ករណីខ្លះ ជាការពាក់ព័ន្ធនឹងការក្លែងស្លាកយីហោ និងឈ្មោះផលិតផល ដែលជាបទល្មើសកម្មសិទ្ធិបញ្ញា។

នាយឧត្តមសេនីយ៍បន្ដថា ផលិតផលក្លែងក្លាយភាគច្រើន មានគុណភាពទាប និងមានសារធាតុគីមីពុល មានគ្រោះថ្នាក់ដូចជា មានសារធាតុសំណ ក្នុងផលិតផលជាដើម ដែលផលិតផលក្លែងក្លាយទាំងនោះ បណ្តាលឲ្យមនុស្សរាប់សែននាក់ បានស្លាប់និងអាចបណ្តាលទៅគ្រោះថ្នាក់យានយន្ត ការពុល ឬករណីឱសថពុំមានប្រសិទ្ធភាព ព្យាបាលជាដើម។

លោកថា «ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ឲ្យមានប្រសិទ្ធិភាព យើងត្រូវមានច្បាប់ និងបទបញ្ញាតិគ្រប់គ្រាន់ មានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ផ្លាស់ប្តូរឥរិយាបទ នៃអ្នកប្រើប្រាស់មានការអនុវត្ត ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ហើយមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងស្ថាប័ននានា ក្នុងប្រទេស និងជាមួយប្រទេសជិតខាង និងបណ្តាប្រទេស លើសកលលោក»

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បន្ថែមថា អាជ្ញាធរពាក់ព័ន្ធ ត្រូវចេញសេចក្តីណែនាំ និងការព្រមានយ៉ាងម៉ឹងម៉ាត់ ដល់បុគ្គលដែលមានស្តុកទុក នូវផលិតផលក្លែងក្លាយ និងបិទអាជីវកម្ម ហើយចំពោះម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងហាង ឬឃ្លាំង និងត្រូវទទួលខុសត្រូវ តាមបទបញ្ញាតិច្បាប់ ហើយត្រូវយកផលិតផល ក្លែងក្លាយចេញពីទីផ្សារ និងចេញពីចរន្តលំហូពាណិជ្ជកម្មនានា ហើយនឹងមិនឲ្យវិលត្រលប់ចូលមកទីផ្សារវិញឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនអង្គសិក្ខាសាលាបានជ្រាប ស្តីពីការគាំទ្ររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះបេសកកម្មកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ គ.ប.ផ.ក ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាពិសេសផលិតផលឱសថ ក្លែងក្លាយ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកធុរកិច្ចនានា៕