(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅពេលនេះនៅតែបន្តប្រមាថដល់ចេស្តាអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់រាស្រ្តខ្មែរជាបន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។

លោក សម រង្ស៊ី បានបន្តសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំ សម រង្ស៊ី អស់សំណើចពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ ដែលបានចេញ ហើយកំពុងតែចេញ ដីកាចាប់ខ្លួនខ្ញុំ ជាបន្តបន្ទាប់កាន់តែច្រើនឡើងៗ តែគ្មានប្រសិទ្ធភាពអ្វីទាល់តែសោះ។ ក្នុងរឿងគេចោទប្រកាន់ខ្ញុំ ថាខ្ញុំប្រមាថព្រះមហាក្សត្រ ខ្ញុំនៅតែបន្តអះអាងថា មហាក្សត្រសព្វថ្ងៃ ជាស្ដេចល្ខោនដែល ហ៊ុន សែន ប្រើដើម្បីគ្រាន់តែលម្អរបបតិរច្ឆានរបស់គាត់។ អត្ថាធិប្បាយរបស់ខ្ញុំនេះមានបំណងចង់ ឲ្យមានការជជែក តាមរបៀបប្រជាធិបតេយ្យ អំពីតួនាទីមហាក្សត្រសព្វថ្ងៃ ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះ សម្រាប់ប្រជារាស្ត្រខ្មែរ»

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ ប្រមាថ អង្គព្រះមហាក្សត្រ។

ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រមាថ យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ។

ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំផង ចំពោះបទប្រមាថអង្គព្រះមហាក្សត្រកន្លងមក។ ទោះជាយ៉ាងណា លោកមិនទាន់បានអនុវត្តទោសនៅឡើយទេ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕