(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងសហជីព និយោជក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ត្រីភាគី) នឹងបើកកិច្ចប្រជុំពិភាក្សាចុងក្រោយ ក្នុងការអនុម័តសម្រេចការដំឡើងប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។

ទម្រាំឈានដល់ថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកិច្ចពិភាក្សាត្រីភាគីចំនួន៤លើកមកហើយ ដែលលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា លើកទី២ នៅថ្ងៃទី០៦ ខែកញ្ញា លើកទី៣ នៅថ្ងៃទី១២ ខែកញ្ញា និងលើកទី៤ នៅថ្ងៃទី១៨ ខែកញ្ញា។

កាលពីលើកទី៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ ១៩៥ដុល្លារក្នុងមួយខែ ខណៈដែលនិយោជកសុំត្រឹម ១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ ១៨៧ដុល្លារ៕