(ភ្នំពេញ)៖ ទីភ្នាក់ងារ កយកា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសាហការជាមួយអង្គការ Holt បានរៀបចំយុទ្ធនាការ ដើម្បីគាំទ្រសកម្មភាពទាក់ទង នឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ក្រោមពាក្យស្លោក « ក្រោកឈររួមគ្នា ដើម្បីពិភពលោកប្រកបដោយសន្តិភាព ភាពស្មើរគ្នា និងនិរន្តរភាព»។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រោមការចូលរួមពីលោក RHO Hyun-Jun នាយកការិយាល័យ កយកាប្រចាំកម្ពុជា និងលោក កាង ធា នាយកសាលាបឋមសិក្សាត្រពាំងអញ្ចាញ រួមទាំងសិស្សនិស្សតិប្រមាណ១០០នាក់ផងដែរ។

លោក RHO Hyun-Jun បានពន្យល់ពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដល់កុមារនៅសាលារៀន ដោយលោកលើកឡើងពី គោលដៅចំនួន១៧ របស់ SDGs ជាផែនការល្អបំផុតរបស់ពិភពលោក ក្នុងការកសាងពិភពលោក ឱ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាជន និងភពផែនដីរបស់យើងនៅឆ្នាំ២០៣០។

ទីភ្នាក់ងារកយកាក៏បានឧបត្ថម្ភនូវសំភារៈមួយចំនួនរួមមាន៖ កង្ហារអគ្គិសនី, ទូដាក់សៀវភៅ, និងសម្ភារៈអប់រំ សម្រាប់សាលារៀន និងសម្រាប់សិស្សានុសិស្សក៏ដូចជាផ្តល់ការអប់រំ ដល់ពួកគេអំពីអនាម័យ និងសុខភាពផងដែរ។

លើសពីនេះទៀតទីភ្នាក់ងាកយកា ក៏បានចែកសំភារៈសិក្សា ដល់កុមារនៅក្នុងសាលាបឋមសិក្សា ត្រពាំងអញ្ចាញផងដែរ ដោយក្នុងនោះសិស្សានុសិស្ស ទទួលថង់ការពារបរិស្តានម្នាក់១ ដោយសេចក្តីរីករាយបំផុត ដែលក្នុងនោះមានសៀវភៅកត់ត្រា ប៊ិច និងទឹកលុប។

បុគ្គលិកទីភ្នាក់ងារកយកា និងអង្គការHolt ទាំងអស់ក៏បានលេងល្បែងកំសាន្តអប់រំ ដើម្បីផ្តល់ជាភាពរីករាយដល់ក្មេងៗនៅសាលារៀន សិស្សទាំងអស់ចូលចិត្តលេងល្បែងដូចជា៖ បោះបាល់ចូលទៅក្នុងកន្ត្រក, ការបញ្ជូនកងប្រណាំងគ្នា និងការប្រណាំងបីជើងជាដើម។

លោក កាង ធា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទីភ្នាក់ងារកយកា និងអង្គការ Holt សម្រាប់ការផ្តួចផ្តើមសកម្មភាពទាក់ទងនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងសាលារៀន និងសហគមន៍របស់ខ្លួន។

លោកបានសម្តែងការកោតសរសើរចំពោះ ក្រុមដែលបានចំណាយពេលវេលា និងការប្រឹងប្រែង ដើម្បីជួយដល់កុមារនៃសាលា និងបានស្នើសុំឱ្យទីភ្នាក់ងារកយកាបន្ត គាំទ្រសកម្មភាពប្រភេទនេះ នៅសាលារៀនរបស់គាត់នាពេលអនាគត៕