(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានបន្ដអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដមានស្ថិរភាពល្អសម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។

ការថ្លែងបែបនេះ របស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងកម្មវិធី កិច្ចពិភាក្សាសារព័ត៌មានស្ថានភាព អចលនវត្ថុនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីលោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា, លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTRUST, លោក ពឹង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោក ច្រឹក សុខនីម បានអះអាងថា «ខ្ញុំគិតថា រយៈពេល៣-៥ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនៅកម្ពុជា នឹងនៅតែបន្ដក្នុងភាពរឹងមាំ ព្រមទាំងមានការគាំទ្រខ្លាំង ពីវិស័យធនាគារ បូករួមជាមួយភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ឥតឈប់ឈរ កត្តាសន្ដិភាព-ស្ថេរភាពនយោបាយ មានភាពល្អប្រសើរ។ វិនិយោគិនជាច្រើនជឿជាក់ លើនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ព្រោះថា បើមិនមានភាពជឿជាក់នោះទេ នោះវិស័យអចលនទ្រព្យ នឹងដួលរលំទៅតាមនេះដែរ»

លោកបានបន្ដថា កាលពីជំនាន់មុនឲ្យតែពេលបោះឆ្នោតម្ដងៗ ប្រជាជនចាប់ផ្ដើមលក់ដីធ្លីរបស់ខ្លួន ដោយសារពួកគាត់មានភាពភ័យបារម្ភច្រើន នេះបើជាទស្សនៈរបស់ប្រជាជនកាលពី១៥ឆ្នាំមុន។ ប៉ុន្ដែឥឡូវកម្រិតយល់ដឹងរបស់ប្រជាជន នៅពេលបច្ចុប្បន្ននេះ មានការចេះដឹងច្រើន ដូច្នេះពួកគាត់នឹងធ្វើការគិតពិចារណាច្រើន ដោយមិនជឿជាក់លើពាក្យឃោសនាឡើយ។

បន្ទាប់ពីបង្ហាញពីភាពរីកចម្រើននៃ វិស័យអចលនទ្រព្យនៅរយៈពេល៥ឆ្នាំខាងមុខនេះ លោក ច្រឹក សុខនីម ក៏បានបង្ហាញពីវិស័យដីឡូតិ៍ ដែលបច្ចុប្បន្ននេះសន្ទុះខ្លាំងនៅកម្ពុជា ដោយមានការពុះលក់យ៉ាងសស្រាក់សស្រាំផងដែរ។

លោក សុខនីម បានបង្ហាញឲ្យដឹងពីកត្តាហានីភ័យ និងអត្ថប្រយោជន៍ព្រមទាំងយុទ្ធសាស្រ្ដ ក្នុងការទិញដីឡូត៌ដោយមិនមានការបោកប្រាស់ផងដែរ។ លោកថា ដើម្បីទិញដីដែលមិនបង្កហានីភ័យដូចជា ការបោកប្រាស់អ្នកទាំងអស់គ្នា ត្រូវតែសិក្សាឲ្យច្បាស់ជាមុនសិនមានន័យថា ប្រសិនបើចង់ទិញដីនៅតំបន់ណា ដាច់ខាតត្រូវចុះជួបមេឃុំ, មេភូមិ ក្នុងតំបន់ដែលយើងចង់ទិញជាមុនសិន ការធ្វើបែបនេះជាមធ្យោបាយទិញដ៏ល្អ និងទិញដោយគ្មានហានីភ័យ។

លោក ម៉ាន់ ច័ន្ទឌី អ្នកជំនាញខាងវិស័យដីឡូតិ៍ក៏បានឲ្យដឹងផងដែរថា មុននឹងទិញដីឡូតិ៍ត្រូវមើលទៅលើប្លង់រឹង, ចុះសួរអាជ្ញាធរភូមិ-ឃុំ ដើម្បីប្រាកដថា ការទិញដីតំបន់នេះពិតជាមិនខុសច្បាប់ និងទិញដីបានដី។ មួយវិញទៀតត្រូវចេះសិក្សាពី តំបន់ដីដែលយើងគ្រោងនឹងទិញនេះជាមុនសិន ដើម្បីដឹងថា តើយើងទិញដីនៅតំបន់នេះ ទៅថ្ងៃអនាគត មានការអភិវឌ្ឍន៍ ឬអត់ជាដើម៕