(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក Bretton G. Scaironi សហប្រធាន «ក្រុម ឃ» (ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំ «ក្រុម ឃ» ដោយមានការចូលរួមពីសហសេវិកទាំងខាង ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន និងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឲ្យរាជរដ្ឋាភិបាលបានពិនិត្យ ដោះស្រាយលើសំណើ ក៏ដូចជាសំណូមពរដែលជាកង្វល់របស់ផ្នែកឯកជន ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះ សមាជិក សមាជិការទាំងអស់នៃ «ក្រុម ឃ” ទាំងផ្នែករាជរដ្ឋាភិបាល និងទាំងផ្នែកឯកជន ដែលបានខិតខំរួមគ្នា ពុះពារដោះស្រាយបាននូវបញ្ហាប្រឈម និងកង្វល់ធំៗរបស់វិស័យឯកជន ក៏ដូចជាសម្រេចបាននូវសមិទ្ធផលជាច្រើនពិសេស ជួយកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា បង្កើតបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ក្នុងគោលដៅធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងភាពធន់មាំសម្រាប់ដំណើររយៈពេលវែងខាងមុខរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រុមការងារនីមួយៗ បានធ្វើឱ្យផ្នែកឯកជនបានទទួលផលប្រយោជន៍ច្រើន ដូចបានលើកឡើង នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះដូចជា៖ កាត់បន្ថយថ្លៃឡូជីស្ទីក, កាត់បន្ថយថ្លៃសេវាលើក-ដាក់នៅកំពង់ផែ, កាត់បន្ថយថ្លៃអគ្គិសនី, ការអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមជាដើម។

កិច្ចការទាំងនេះ បានធ្វើឱ្យវិស័យឯកជនទទួលបាន ភាពអនុគ្រោះកាន់តែខ្ពស់ ដែលបង្ហាញយ៉ាងច្បាស់ពីការ យកចិត្តទុកដាក់ខ្ពស់ថែមទៀត និងគាំទ្រយ៉ាងខ្លាំងក្លា របស់រាជរដ្ឋាភិបាលកម្ពុជា ដល់វិស័យឯកជនដែលកំពុងប្រតិបត្តិ-ការធុរកិច្ចនៅកម្ពុជា។

សំណើធំៗចំនួន៥ត្រូវបានលើកមកពិភាក្សា និងដោះស្រាយរួមមាន៖

១៖ ច្បាប់ស្តីពីបរធនបាលកិច្ច៖

ដោយច្បាប់នេះ ត្រូវបានអនុម័តរួចហើយ, រាជរដ្ឋាភិបាលក៍បានចេញអនុក្រឹត្យសម្រាប់ អនុវត្តច្បាប់នេះរួចហើយដែរ ។ បច្ចុប្បន្ន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងបន្តរៀបចំប្រកាសសម្រាប់អនុវត្តអនុក្រឹត្យនេះ ដោយត្រូវបន្តពិភាក្សាជាមួយវិស័យឯកជន ។

២៖ សារព្រមានសុខភាពសម្រាប់បិទលើកញ្ចប់បារី៖

បញ្ហានេះត្រូវបានពិនិត្យ និងឆ្លើយតបយ៉ាងយកចិត្តទុកដាក់ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាពពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីកែលម្អលក្ខណៈពិសេសរបស់តែមប្រិ៍ ចៀសវាងការក្លែងបន្លំ ក៏ដូចជាដើម្បីពិនិត្យ អនុលោមភាពលើការលក់បារី ជាមួយនឹងការអនុវត្តទោសទណ្ឌ ចំពោះអ្នកមិនគោរពតាមគោលការណ៍អនុលោមភាពនេះ ។

៣៖ ការស្នើសុំបញ្ចុះថ្លៃអគ្គិសនី សម្រាប់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍៖

គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល គឺការជំរុញការនាំចេញ។ ដូច្នេះ, ផ្នែកផលិតកម្ម ឧស្សាហកម្ម ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ខណៈដែលក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ត្រូវបានចាត់ជាវិស័យពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ, រដ្ឋាភិបាល មិនទាន់មានលទ្ធភាពខ្ពស់ក្នុងការគិតគូរ និងអនុវត្តបញ្ចុះថ្លៃអគ្គិសនី សម្រាប់គ្រប់វិស័យទាំង អស់ព្រមៗគ្នានៅឡើយ ដោយសារថ្លៃដើមផលិតអគ្គិសនីនៅខ្ពស់ អាចបង្កើនបន្ទុកថវិកាជាតិ ដែលអគ្គិសនីកម្ពុជា អាចរងសម្ពាធចំណូល និងប៉ះពាល់ដល់ប្រសិទ្ធភាព ក្នុងការពង្រីកបណ្តាញចែកចាយ ដែលជាគោដៅឆ្នាំ២០២០ ក្នុងការ សម្រេចឱ្យបានការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស។ ទោះយ៉ាងណា វិស័យពាណិជ្ជកម្ម នឹងត្រូវបន្តគិតគូរក្នុងជំហានបន្តបន្ទាប់ ដូចបានអនុវត្តកន្លងមក ។

៤៖ ការចុះបញ្ជីមន្ទីរពេទ្យឯកជន នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម៖

ករណីនេះត្រូវបានអនុវត្តខ្លះហើយ ក្នុងនោះមន្ទីរពេទ្យេឯកជន ត្រូវបានអនុញ្ញាតឱ្យទូទាត់តាម ប.ស.ស ក្នុងករណីសង្រ្គោះបន្ទាន់។ មន្ទីរពេទ្យឯកជនមួយចំនួន ដែលមានអ្នកជំងឺច្រើន បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស និងមានដាក់ស្លាក ប.ស.ស ។ ការចាត់វិធានការបន្ថែម ការផ្សព្វផ្សាយគោលនយោបាយជាតិគាំពារសង្គម និងការពិនិត្យ លក្ខខណ្ឌគុណភាព និងការទូទាត់សងសមស្រប ត្រូវបន្តឲ្យកាន់តែទូលំទូលាយថែមទៀត នៅតាមកន្លែងណាត្រូវការ ជំនួយបន្ថែមពីមន្ទីរពេទ្យ ។

៥៖ ការជំរុញទូទាត់ និងប្រើប្រាស់ប្រាក់រៀល៖

ស្មារតីនៃការចូលរួម និងជំរុញការទូទាត់ និងការប្រើប្រាស់ប្រាក់រៀល ត្រូវបានទទួលការអបអរសារទរ ។ ជាមួយគ្នានេះ, អង្គភាពពាក់ព័ន្ធ នឹងបន្តសិក្សាពីយុទ្ធសាស្ត្រ ដោយផ្អែកលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជំរុញការប្រើប្រាស់ និងទូទាត់ជាប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។

បន្ថែមលើរបៀបវារៈធំៗចំនួន៥ខាងលើ, វេទិកាក៏បានពិភាក្សាលើបញ្ហាធំៗចំនួន៣ទៀត ដែលវិស័យឯកជនបានលើកឡើងគឺ៖ ការធ្វើសវនកម្មពន្ធដារ និងការស្នើលុបចោលនូវប្រាក់ពិន័យពន្ធ, ការអនុវត្តលើកលែងពន្ធអប្បបរមា១% និងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល១% និងការបង់សេវាលើស្លាកយីហោ ។

១៖ ការធ្វើសវនកម្មពន្ធដារ និងការស្នើលុបចោលនូវប្រាក់ពិន័យពន្ធ៖

ប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសវកម្មពន្ធដារ បានលុបបំបាត់ការចុះធ្វើសវនកម្មជាន់គ្នារវាងអង្គភាពជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយក្នុងនោះ មានការបែងចែកការងារសវនកម្ម ស្របតាមកម្មវិធីសវនកម្ម និងបែកចែកសហគ្រាស ដល់នាយកដ្ឋានសវនកម្មសហគ្រាស នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម និងអង្គភាពពាក់ព័ន្ធ សម្រាប់ចុះធ្វើសវនកម្មដោយផ្អែក តាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ។

ជាមួយគ្នានេះ, ប្រកាសក៏បានកំណត់រយៈពេល កំណត់ពន្ធឡើងវិញ សម្រាប់សវនកម្មមានកម្រិត តែក្នុងឆ្នាំជាប់ពន្ធចរន្ត និងឆ្នាំជាប់ពន្ធមុនឆ្នាំចរន្ត។ សម្រាប់សវនកម្មពេញលេញ ដែលពីមុនអនុញ្ញាតបកក្រោយរហូតដល់១០ឆ្នាំ ត្រូវបានកំណត់បកក្រោយមកត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ រីឯអាត្រាការប្រាក់ប្រចាំខែក៏បានកាត់បន្ថយពី២% មកត្រឹម១.៥%ផងដែរ ។
ចំពោះការស្នើឲ្យលុបបំបាត់នូវប្រាក់ពិន័យពន្ធដារ គឺមិនអាចអនុវត្តបាន ដោយការដាក់ពិន័យនេះ គឺដើម្បីលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ ក៏ដូចជាលុបបំបាត់ការគេចវេសកាតព្វកិច្ចពន្ធដារ ។

២៖ ការអនុវត្តលើកលែងពន្ធអប្បបរមា១% និងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល១%

រាជរដ្ឋាភិបាលបានសម្រេច លើកលែងពន្ធអប្បបរមា១% ចំពោះគ្រប់សហគ្រាស ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបានបំពេញកាតព្វកិច្ច សារពើពន្ធត្រឹមត្រូវ។ ដើម្បីទទួលបានការលើកលែងនេះ គ្រប់សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលមានចែងក្នុងប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលក្ខណៈវិនិច្ឆ័យនៃការកាន់កាប់ បញ្ជិកាគណនេយ្យមិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធអប្បបរមា។

ចំពោះការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល១%, គឺជាជាយន្តការ, វិធាន និងនីតិវិធីនៃការប្រមូលពន្ធលើប្រាក់ចំណូល ដែលអនុវត្តនៅគ្រប់រដ្ឋបាលសារពើរពន្ធទាំងអស់ នៅលើសកលលោក ក្នុងការប្រមូលពន្ធលើប្រាក់ចំណូល ដោយគ្រាន់តែវិធីគណនា ដោយឡែកៗពីគ្នាប៉ុណ្ណោះ។ ការបង់ប្រាក់រំដោះ គឺតម្រូវឲ្យមានការបង់ទុកជាមុននូវ ប្រាក់កក់ដែលប្រហាក់ប្រហែលនឹងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ។

ការបង់ប្រាក់កក់ជាមុន ឬប្រាក់រំដោះនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីរក្សាចីរភាពចំណូលចរន្ត សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ក្នុងខែនីមួយៗ។ ជាការអនុវត្ត, ការប្រមូលប្រាក់រំដោះពន្ធលើប្រាក់ចំណូល មានចំណងទាក់ទងជាមួយនឹងពន្ធអប្បបរមាដូចខាងក្រោម៖

* ចំពោះសហគ្រាស ដែលត្រូវបានលើកលែងពន្ធអប្បបរមា ១%៖

- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងខែនីមួយៗនៃឆ្នាំជាប់ពន្ធ ត្រូវបានអនុញ្ញាតឲ្យទូទាត់កាត់កងជាមួយនឹងពន្ធ លើប្រាក់ចំណូលត្រូវបង់នៅដំណាច់ឆ្នាំ,
- ក្នុងករណីពន្ធលើប្រាក់ចំណូល ត្រូវបង់តិចជាងប្រាក់រំដោះពន្ធ លើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំជាប់ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណូល នៅសល់ត្រូវបានអនុញ្ញាតចាត់ជាឥណទាន យកទៅប្រើប្រាស់សម្រាប់បង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំបន្ទាប់។
- ក្នុងករណីពន្ធលើប្រាក់ចំណូល ត្រូវបង់លើសពីប្រាក់រំដោះពន្ធ លើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំជាប់ពន្ធ សហគ្រាសត្រូវបង់ថែមតែចំនួន លើសប៉ុណ្ណោះ ។

* ចំពោះសហគ្រាសដែលមិនត្រូវ បានលើកលែងពន្ធអប្បបរមា១%

- ក្នុងករណីពន្ធលើប្រាក់ចំណូលត្រូវបង់ តិចជាងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលបានបង់ក្នុងខែនីមួយៗនៃឆ្នាំជាប់ពន្ធ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលទាំងនោះ ត្រូវបានចាត់ទុកជាពន្ធអប្បបរមា ហើយមិនអាចស្នើសុំជាឥណទាន ឬបង្វិលសងវិញឡើយ។

- ក្នុងករណីពន្ធលើប្រាក់ចំណូលត្រូវបង់ លើសពីប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលបានបង់ក្នុងឆ្នាំជាប់ពន្ធ សហគ្រាសត្រូវបង់ថែមតែចំនួនលើសប៉ុណ្ណោះ ។

 

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ត្រូវបានប្រគល់ភារកិច្ចឲ្យសិក្សាអំពីការយកកម្រៃសេវាជាន់គ្នានៃស្លាក យីហោនៅតាមមូលដ្ឋាននានា និងរាយការណ៍ជូនវេទិកា ឲ្យបានមុនដំណាច់ឆ្នាំ ២០១៩នេះ៕