(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញអធិបតី «ពិធីក្រុងពាលីបើកការដ្ឋានបុកគ្រឹះ សាងសង់អគារអគ្គនាយកដ្ឋានពន្ធដារថ្មី» នៅតំបន់អភិវឌ្ឍជ្រោយចង្វារ (OCIC) ស្ថិតនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនោះក៏មានការចូលរួមរបស់ អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងឧកញ៉ាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសហគ្រិនផ្នែកអចលនវត្ថុជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានបញ្ជាក់ថា ជាទស្សនទានរួម អគារពន្ធដារ (TAX TOWER) អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងក្លាយជា ទីតាំងបណ្តុំនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ (One Stop TAX Service) ដោយអគារអគ្គនាយកដ្ឋានពន្ធដារ ដែលមានទីតាំងផ្លល់សេវា ជូនអ្នកជាប់ពន្ធប្រកបដោយផាសុកភាព និងប្រណិតភាព ហើយមានបណ្តុំនៃផ្សារទំនើប ធនាគារជាដៃគូ ក្នុងការផ្តល់សេវាទទួល និងបង់ប្រាក់ពន្ធ ក្រុមហ៊ុនសហគ្រាសនានា ដែលផ្តល់សេវាគាំទ្រផ្នែកពន្ធដារ ក្នុងនោះរួមមាន ក្រុមហ៊ុនផ្តល់សេវាផ្នែកគណនេយ្យ និងពិគ្រោះយោបល់ និងភ្នាក់ងារសេវាកម្មពន្ធដារ។ ក្នុងទិដ្ឋភាពសម្រាប់អ្នកជាប់ពន្ធគឺ «ផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ ហើយអ្នកជាប់ពន្ធរីករាយពេញចិត្តក្នុងការបង់ពន្ធ»។

លោកអគ្គនាយកបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានគិតគូរទាំងការបំពេញលទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលពន្ធ ក៏ដូចជាការផ្តល់សេវា ជូនដល់អ្នកជាប់ពន្ធឱ្យបានកាន់តែឆាប់រហ័ស ដែលតម្រូវឱ្យមានការជ្រើសរើសមន្ត្រីរាជការពន្ធដារបន្ថែម និងការរៀបចំទីតាំងការិយាល័យបំពេញការងារ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ព្រមទាំងមានទីតាំងចំណតរថយន្តប្រមាណជាង ១,៣០០ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។

លោក គង់ វិបុល បានបន្ថែមថា អគារថ្មីនេះមានកម្ពស់៣២ជាន់ ដែលក្នុងនោះមានផ្ទៃក្រឡាសាងសង់សរុប ៩៧,៧០០ម៉ែត្រក្រឡា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព និងក្លាយជាតាំងនិមិត្តរូប (Landmark) នៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាផង ហើយក៏ជានិមិត្តរូបនៃភាពរីកចម្រើនជឿនលឿន នៃឃឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបន្តថា គម្រោងដ៏សំខាន់នេះ ត្រូវបានគូសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងមានក្រុមហ៊ុន Oliver & Ho Association ជាទីប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោង ដោយសហការសាងសង់ដោយក្រុមហ៊ុនសៀងហៃ ខនស្រ្តាកសិន គ្រុប ឯក (Shanghai Construction Group) ក្នុងដោយផ្តើមចេញពីដំណាក់កាលការងារគ្រឹះអគារ ហើយគម្រោងនេះ នឹងប្រើពេលវេលាសាងសង់ប្រមាណ២៤ខែ។

លោកអគ្គនាយកបន្តថា សមិទ្ធផលដ៏វិសេសវិសាលនេះ គឺកើតឡើងទៅបានដោយមានការដឹកនាំត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រ និងចង្អុលបង្ហាញ ព្រមទាំងការចូលរួមសហការរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងវិនិយោគិនជាតិជាច្រើនរូបទៀត។

គម្រោងអគារអគ្គនាយកដ្ឋានពន្ធដារថ្មីនេះ មានទស្សនទាននៃស្ថាបត្យកម្មនិងការរចនា ដែលបានគិតគូរឡើងក្នុងកម្រិតស្តង់ដារអន្តរជាតិ និង លក្ខខណ្ឌនៃការរៀបចំនេះ គឺជាការវិនិយោគដែលមានលក្ខណៈពិសេស ដើម្បីផ្គត់ផ្គង់តម្រូវការ និងអាចទទួលបានចំណូលត្រឡប់មកវិញ តាមរយៈការជួលការិយាល័យ និងទីតាំងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ដំណើរការថែទាំអគារ ដោយពុំចាំបាច់ស្នើសុំថវិកាបន្ថែមពី រាជរដ្ឋាភិបាលសម្រាប់ការផ្គត់ផ្គង់ ដំណើរការថែទាំអគារឡើយ ហើយការគិតគូរយ៉ាងពិសេស និងចក្ខុវិស័យវែងឆ្ងាយបែបនេះ គឺអនុវត្តស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ការប្រើស្លឹកត្នោត ដើម្បីខ្ចប់ស្ករត្នោត»៕