(ភ្នំពេញ)៖ អម្រឹត ដែលជាគ្រឹះស្ថានឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញនូវយុទ្ធនាការមួយ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងតម្លាភាពរបស់ខ្លួន ក៏ដូចជា សេវាហិរញ្ញវត្ថុដ៏គួរឲ្យជឿទុកចិត្ត។

អម្រឹត កំពុងតែផ្សព្វផ្សាយ និងណែនាំពីនិមិត្តសញ្ញាអាជីវកម្ម (ឡូហ្គោ) ដែលទើបតែត្រូវបានផ្លាស់ប្តូរ ការកែប្រែសាខា និងកម្មវិធីឌីជីថលដំឡើងលើទូរស័ព្ទថ្មីមួយឈ្មោះថា «Amret Mobile» ដោយកម្មវិធីនេះនឹងជួយឲ្យសេវាសន្សំ និងកម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន មិនថា ពួកគាត់នៅទីណាក៏ដោយ។

យុទ្ធនាការនេះ បានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ រួមជាមួយនឹងការផ្សាយពាណិជ្ជកម្មថ្មីមួយ តាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេស និងនៅលើបណ្តាញសង្គម ដែលបង្ហាញពីបុគ្គលិក អម្រឹតម្នាក់ កំពុងតែចូលសួរសុខទុក្ខគ្រួសារកសិករមួយ ដែលស្ថិតនៅទីជនបទដ៏ស្រស់ស្អាតមួយកន្លែង។

ការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ផ្សេងទៀត ក្នុងយុទ្ធនាការដូចគ្នានេះ បង្ហាញពីបុគ្គលិកជាច្រើនរបស់អម្រឹត កំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្ម ជាមួយនឹងម្ចាស់អាជីវកម្មខ្នាតតូច នៅតាមតំបន់នានាក្នុងទីក្រុង និងតាមទីជនបទ ដើម្បីបង្ហាញពីទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធិ រវាងគ្រឹះស្ថាន អម្រឹត និងអតិថិជនរបស់ខ្លួន និងបេសកកម្មស្នូលរបស់ក្រុមហ៊ុននេះ ក្នុងការគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

ការផ្សាយពាណិជ្ជកម្មទាំងនេះ បង្ហាញពីរូបភាពឡូហ្គោថ្មីជារាង «ស្នាមញញឹម» របស់ អម្រឹត ដើម្បីឆ្លុះបញ្ចាំងពី ស្នាមញញឹមរបស់បុគ្គលិក និងអតិថិជនរបស់ខ្លួន រួមជាមួយនឹងពាក្យស្លោកថ្មីដែលសរសេរថា «តែងតែនៅជាមួយអ្នក ដើម្បីអ្នក» (With you. For you. Always.)។
និមិត្តសញ្ញាថ្មីរបស់ អម្រឹត មានភាពទាន់សម័យ និងពោរពេញដោយថាមពល តាមរយៈការរចនា ដោយរក្សារពណ៌បែតងជាគោល ជាមួយនឹងការរំលេចពណ៌លឿងខ្ចី និងបៃតងស្រាល ដែលកាន់តែមានភាពស៊ីចង្វាក់គ្នាជាមួយនឹងពណ៌របស់ក្រុមហ៊ុន Advans ដែលជាម្ចាស់ភាគហ៊ុនធំរបស់ អម្រឹត និងជាក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយ ដែលមានវត្តមានក្នុងប្រទេសចំនួន៩ ទូទាំងពិភពលោក។

លោក ដុសឌីន អគ្គនាយករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានថ្លែងថា៖ «និមិត្តសញ្ញា ផលិតផល និងសេវាកម្មរបស់យើង កំពុងតែវិវឌ្ឍទៅតាមពេលវេលា តាមរយៈការបណ្តាក់ទុនទៅលើបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែចំណុចដ៏សំខាន់បំផុតជាច្រើនទៀតអំពី អម្រឹត មិនបានផ្លាស់ប្តូរឡើយ»។

លោកបានបន្តថា៖ «បើទោះបីយើងមានវត្តមានអស់រយៈពេល៣ទសវត្សរ៍មកហើយក្តី បច្ចុប្បន្ន យើងនៅតែមានការប្តេជ្ញាចិត្តទាំងស្រុងលើទំនាក់ទំនងអតិថិជនយ៉ាងជិតស្និទ្ធរបស់យើង ទាំងនៅតាមតំបន់ជនបទ និងតំបន់នានាក្នុងទីក្រុង ជាមួយនឹងការផ្តល់ជូនសេវាតាមតម្រូវការ ដែលបម្រើជូនអតិថិជននានា ដោយផ្អែកលើតម្រូវការរបស់អតិថិជនទាំងអស់ តាមរយៈការយល់ដឹងពីតម្រូវការរបស់អតិថិជន ដូចជាក្រុមគ្រួសារតែមួយជាមួយ អម្រឹត។ យើងក៏បន្តនាំមុខក្នុងវិស័យសេវាហិរញ្ញវត្ថុនៅកម្ពុជាផងដែរ ដោយសារតែ អភិបាលកិច្ចតាមកម្រិតដ៏ល្អឥតខ្ចោះ គោលការណ៍ការពារអតិថិជនរបស់យើង និងតម្លាភាព និងនិរន្តរភាពនៃប្រតិបត្តិការរបស់យើង»។

ជាឧទាហរណ៍ដែលបង្ហាញពីទំនាក់ទំនងអតិថិជនយ៉ាងជិតស្និទ្ធរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត កំពុងតែផ្តោតលើមន្ត្រីសន្សំចល័ត (MSO) នៅតាមតំបន់ទីផ្សារសំខាន់ៗជាច្រើន ទូទាំងប្រទេស ដើម្បីអាចឲ្យពួកគាត់ជួបជាមួយនឹងអតិថិជនរបស់យើងដោយផ្ទាល់ ណែនាំអតិថិជនពីផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាទទួលប្រាក់បញ្ញើដល់ផ្ទះតែម្តង មិនថា ប្រាក់បញ្ញើនោះមានចំនួនតិចប៉ុណ្ណាក៏ដោយ។

ចាប់ពីខែកញ្ញានេះតទៅ មន្ត្រីសន្សំចល័តទាំងអស់ នឹងអាចអនុម័តផ្តល់កម្ចីខ្នាតតូចដែលគ្មានទ្រព្យបញ្ចាំដល់ទីតាំង សម្រាប់អតិថិជន ដែលមានប្រវត្តិសន្សំប្រាក់ជាទៀងទាត់ ដោយមិនចាំបាច់ឲ្យអតិថិជនធ្វើដំណើរទៅដល់សាខាណាមួយឡើយ។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីមួយនេះ នឹងបង្កើនសមត្ថភាពរបស់ម្ចាស់អាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូច ជាពិសេស ចំពោះស្ត្រីជាអាជីវករលក់-ដូរតាមផ្សារ ក្នុងការឆក់យកឱកាសអាជីវកម្មយ៉ាងឆាប់រហ័ស ឬក៏ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ដែលឥតព្រៀងទុករបស់ក្រុមគ្រួសារ។

ដើម្បីបន្តអនុវត្តគោលការណ៍នៃ និមិត្តសញ្ញាថ្មី របស់ខ្លួន ដល់អតិថិជនជិតកន្លះលាននាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បញ្ជាក់ថា ពួកគេនឹងបញ្ចេញនូវផលិតផល និងសេវាកម្ម បែបច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ទៀត នៅពេលខាងមុខនេះ តាមរយៈបណ្តាញសាខាទាំង១៥៧កន្លែង បុគ្គលិកតាមតំបន់ និងបណ្តាញចែកចាយឌីជីថលរបស់ខ្លួន៕