(ភ្នំពេញ)៖ យោងតាមកិច្ចប្រជុំកំពូល ស្ដីពីកាកសំណល់នៅកម្ពុជា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានអះអាងថា ប្រទេសកម្ពុជាទាំងមូលមានសំរាមច្រើនជាង៣លានតោនក្នុងមួយឆ្នាំ។

សេចក្តីប្រកាសព័ត៌មាន ស្ដីពីកាកសំណល់នៅកម្ពុជា ឆ្នាំ២០១៩បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាទាំងមូល បានបង្កឱ្យមានកាកសំណល់ជាង ១០,០០០តោនជារៀងរាល់ថ្ងៃ ឬច្រើនជាង ៣.៦លានតោននៅក្នុងមួយឆ្នាំ»។

កិច្ចប្រជុំកំពូល ស្ដីពីកាកសំណល់នៅកម្ពុជាឆ្នាំ២០១៩ គឺជាការជួបជុំអង្គប្រតិបត្តិពីសហគមន៍ធុរកិច្ចកម្ពុជា អ្នករៀបចំគោលនយោបាយ និងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គការបរិស្ថាន និងក្រុមហ៊ុនទើបបង្កើតថ្មីផងដែរ។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំដោយមូលនិធិអាល្លឺម៉ង់ Konrad-Adenauer-Stiftung (KAS) ក្រុមធុរកិច្ចអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (ADW) និងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED)។

គោលដៅនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតកិច្ចពិភាក្សា ដែលលើកទឹកចិត្ត ឱ្យមានភាពជាដៃគូរវាងអ្នកដោះស្រាយ បញ្ហាវិស័យសាធារណៈ និងផ្នែកឯកជន វិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងវិស័យនេះ។

លោក ង៉ែត ប៊ុន នាយករងនៃអគ្គនាយកដ្ឋានសំណល់រឹង នៃក្រសួងបរិស្ថាន បានថ្លែងថា នៅប្រទេសកម្ពុជាការគ្រប់គ្រងសំរាម ជាពិសេសសំណល់រឹង នៅមិនទាន់បានល្អនោះទេ។

លោកថ្លែងថា បច្ចុប្បន្ននេះពេលប្រទេសកំពុងអភិវឌ្ឍន៍ សំណល់រឹងកំពុងតែកើនឡើងៗ ហើយការគ្រប់គ្រងសំណល់រឹងនៅកម្ពុជានេះ មិនមែនជាការគ្រប់គ្រងសំណល់រឹងទេ គឺគ្រាន់តែជាការប្រមូលសំរាមតែប៉ុណ្ណោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា វាមិនមែនជាការគ្រប់គ្រងសំណល់រឹងទេ វាគ្រាន់តែជាការសម្អាតទីក្រុង ព្រោះការគ្រប់គ្រងសំណល់រឹង យើងត្រូវចាប់ផ្តើមពីការបង្កើត រហូតដល់ដំណាក់កាលចុងក្រោយ នៃការបោះបង់ចោលថា ធ្វើយ៉ាងណាឱ្យវាមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាព»។

ជាមួយគ្នានេះ លោកបណ្ឌិត Daniel Schmücking ជានាយកប្រចាំប្រទេសនៃមូលនិធិខុនរ៉ាដ បានថ្លែងថា លោកមានក្ដីសោមនស្សយ៉ាងខ្លាំង ដែលអាចបង្កើតកម្មវិធីជួបជុំមនុស្សជាច្រើន ដើម្បីលើកឡើងអំពីប្រធានបទ ដ៏មានសារៈសំខាន់នេះ ដែលនេះជាការសបញ្ជាក់ថា កាកសំណល់គឺជាប្រធានបទ ដែលធ្វើឱ្យយើងទាំងអស់គ្នា មានការព្រួយបារម្ភ ហើយដំណោះស្រាយចំពោះបញ្ហានេះ ដែលនឹងជួយកែលម្អបរិស្ថាន និងសង្គមរបស់យើងទាំងមូល។

លោកបានថ្លែងបន្ថែមថា «ខ្ញុំសង្ឃឹមថា យើងអាចចូលរួមចំណែក នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យរវាងវិស័យសាធារណៈ និងឯកជនស្ដីពីការគ្រប់គ្រងកាកសំណល់។ យើងមានឱកាសជាច្រើនដើម្បីសម្រេចកិច្ចការនេះ»។

ការគ្រប់គ្រងកាកសំណល់ គឺជាបញ្ហាមួយ ដែលត្រូវដោះស្រាយជាបន្ទាន់នៅក្នុងប្រទេសកម្ពុជា។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រីកទីក្រុងយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមជាមួយនឹងការកើនឡើង នូវការប្រើប្រាស់របស់ប្រជាជន ដែលមានកម្រិតជីវភាពមធ្យម និងខ្ពស់ដែលមានចំនួនកាន់តែច្រើនឡើងៗ នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់បរិមាណកាកសំណល់ នៅក្នុងប្រទេសកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ គ្រាន់តែរាជធានីភ្នំពេញមួយ បានបង្កើតឱ្យមានកាកសំណល់ ក្នុងបរិមាណចន្លោះពី ២,០០០ទៅដល់ ៣,០០០តោន ដែលក្នុងនោះមាន៦០០តោន គឺជាកាកសំណល់ប្លាស្ទិក។ កំណើននៃការបង្កកាកសំណល់នេះ រួមមានកាកសំណល់គ្រប់ប្រភេទទាំងអស់ ពោលគឺកាកសំណល់រឹងទីក្រុង កាកសំណល់ឧស្សាហកម្ម កាកសំណល់គ្រោះថ្នាក់ កាកសំណល់សំណង់ និងកាកសំណល់ពីការវាយកម្ទេចអគារ ដែលបង្កឱ្យមានបញ្ហាប្រឈមជាច្រើន។

ជាទូទៅ បញ្ហានៅក្នុងការគ្រប់គ្រងកាកសំណល់មានដូចជា កង្វះខាត ការប្រមូលកាកសំណល់ឱ្យបានត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្ម បច្ចេកទេស ការបណ្ដុះបណ្ដាលបច្ចេកទេសបុគ្គលិក ក៏ដូចជាគោលនយោបាយគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពផងដែរ។ កាកសំណល់ដែល ចេះតែមានចំនួនកើនឡើង បង្កឱ្យមានបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព និងបរិស្ថានដែលត្រូវបានលើកឡើងជារឿយៗ នៅក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុក និងបណ្ដាញសង្គមនានា៕