(ភ្នំពេញ)៖ ដោយសារប្រទេសកម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់គ្នាជាបន្តបន្ទាប់ បានធ្វើឱ្យវិស័យអចលនទ្រព្យក៏មានការរីកចំរើនខ្លាំងផងដែរ ដែលជាហេតុធ្វើឱ្យរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួនទៀត មានកំណើនយ៉ាងខ្លាំងទាក់ទងនឹងវិស័យអចលនទ្រព្យនេះ។

ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយទៀតហើយ គឺក្រុមហ៊ុន យេស យ៉រ អ៊ីស្ទេត ស្ពេសឹលីស ឯ.ក ( YOUR ESTATE SPECIALIST CO., LTD ) របស់ប្រទេសសឹង្ហបុរី បានប្រកាសបើកសម្ពោធជាផ្លូវការនៅកម្ពុជា នៅចំកណ្ដាលទីក្រុងភ្នំពេញ ដោយបានបង្ហាញពីការប្តេជ្ញាចិត្ត ផ្តល់ជូនសេវាកម្មអចលនទ្រព្យដ៏ល្អឥតខ្ចោះ ដល់អតិថិជនរបស់ខ្លួន។

ការសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧកញ៉ា ឈុន ប៊ុនថា ប្រធានក្រុមហ៊ុន  YOUR ESTATE SPECIALIST CO., LTD ប្រចាំនៅប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនកុះករ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅទីតាំងក្រុមហ៊ុន YOUR ESTATE SPECIALIST CO., LTD ស្ថិតនៅក្នុងបុរីជីបម៉ុងលែន តាមបណ្តោយផ្លូវជាសុផារ៉ា សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ឈុន ប៊ុនថា តំណាងក្រុមហ៊ុនប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន YORE ESTARE SPECIALIST បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ នៅប្រទេសសឹង្ហបុរី ហើយដោយមើលឃើញពីភាពរីកចំរើននៃវិស័យអចលនទ្រព្យនេះ លោកក៏បានសម្រេចចិត្តសហការណ៍ជាមួយក្រុមហ៊ុនមួយនេះ ដើម្បីសម្ភោធដាក់ឱ្យដំណើរការអាជីវកម្ម ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YOUR ESTATE SPECIALIST CO., LTD សឹង្ហបុរីនេះ ដើម្បីបើកឱ្យដំណើរការនៅកម្ពុជានៅពេលនេះតែម្តង។

លោកបានបញ្ជាក់ទៀតថា ការបើកឱ្យដំណើរការក្រុមហ៊ុនអចលនទ្រព្យនេះ គឺដោយមើលឃើញថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ សំណង់អគារ មានការកើនឡើងយ៉ាងច្រើន ដូចជាសំណង់អគារ ខុនដូរ អាគារពាណិជ្ជកម្ម។ ល។ បានកើនឡើងយ៉ាងច្រើនគួរឱ្យកត់សំគាល់ ជាក់ស្តែងមួយទៀតនោះ បើមើលទៅខេត្តព្រះសីហនុវិញ វិស័យអចលនព្រទ្យគឺមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីនេះផងដែរ។

លោកឧកញ៉ា ឈុន ប៊ុនថា បានបញ្ជាក់ទៀតថា សក្តានុពលដ៏ធំធេងនេះ គឺស្ថិតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងវិស័យឧស្សាហកម្ម និងវិស័យអចលនទ្រព្យ ដែលវិស័យលំនៅដ្ឋាននៅកម្ពុជានេះ បានបង្ហាញពីកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជាអ្នកដឹកនាំដ៏ឈ្លាសវៃ បានដឹកនាំប្រទេសឱ្យមានភាពរីកចម្រើន និងសុខសន្តិភាពដូចសព្វថ្ងៃនេះ ដែលនាំឱ្យមានការអភិវឌ្ឍន៍យ៉ាងច្រើនជាបន្តបន្ទាប់។

លោកឧកញ៉ា ឈុន ប៊ុនថា បញ្ជាក់ទៀតថា បេសកកម្មរបស់ក្រុមហ៊ុន YOUR ESTATE SPECIALIST CO., LTD នៅកម្ពុជានេះ គឺបានប្តេជ្ញាចិត្តផ្តល់ជូននូវសេវាកម្មដល់អតិថិជនយ៉ាងល្អបំផុត នៅក្នុងវិស័យអចលនទ្រព្យនេះផងដែរ៕