(ប៊្រុយណេដារូសាឡាម)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីធនធានធម្មជាតិ និងទេសចរណ៍ប៊្រុយណេ លោក Datok Seri Setia Awang Haji Ali Bin Haji Apong។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប៊្រុយណេ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ ផ្តោតសំខាន់ទៅលើការកិច្ចសហប្រតិបត្តិការជំរុញកំណើនទេសចរណ៍ទៅវិញទៅមករវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការ វិស័យកសិកម្មនៅកម្ពុជា ព្រោះកម្ពុជាមានលក្ខណៈអំណោយផលទាំងស្ថានភាពសណ្ឋានដី អាកាសធាតុ ធនធានធម្មជាតិ និងវត្ថុធាតុដើមគ្រប់គ្រាន់ ក្នុងការកែច្នៃផលិតផលកសិកម្ម ជាពិសេសលក្ខខណ្ឌអំណោយផលផ្នែកកម្លាំងពលកម្ម។

ភាគីទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យនានាដែលចាំបាច់ សម្ដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕