(ភ្នំពេញ)៖ បណ្តាអ្នកវិនិយោគទុនលើវិស័យសំណង់ នៅកម្ពុជាបានទទួលស្គាល់ថា ការកើនឡើងនូវសំណង់អាគារខ្ពស់ គឺជាមូលហេតុជម្រុញឲ្យមាន ក្រុមហ៊ុនជាង៥០០ ដាក់តាំងផលិតផលរបស់ខ្លួន នៅក្នុងពិធីពិព័រណ៌ CAMBUILD 2019 ផ្ដោតលើគំនិតច្នៃប្រឌិតថ្មី និងសុវត្ថិភាព សំណង់អាគារ នៅកោះពេជ្រចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ដោយមានការតំរូវការច្រើនលើវិស័យសំណង់ និងអាគារខ្ពស់ៗដូច្នេះហើយ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានធ្វើការស្នើឲ្យម្ចាស់ អគារអ្នកវិនិយោគិន និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវគោរពឲ្យបាននូវលក្ខខណ្ឌបច្ចេកទេសសាងសង់គុណភាព សំណង់ និងប្រព័ន្ធ ការពារសុវត្ថិភាព ដូចជាច្រកចេញចូលសុវត្ថិភាព និងការបំពាក់ប្រព័ន្ធទឹកពន្លត់អគ្គិភ័យជាដើម ដើម្បីធានាសុវត្ថិភាពសាធារណជន បុគ្គលិក និងអតិថិជនរបស់ខ្លួនផងដែរ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្តថា ដើម្បីធានាពីគុណភាពសំណង់ នៅក្នុងប្រទេសកម្ពុជា ឲ្យស្របតាមស្តង់ដារអន្តរជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្កើតក្រុមការងារជំនាញថ្នាក់ខេត្ត និងរាជធានី ដើម្បីចុះទៅត្រួតពិនិត្យ និងកែតម្រូវបច្ចេកទេស ការសាងសង់ នៃអគារនីមួយៗ។

ដោយមើលបែបនេះហើយ ក្រុមហ៊ុននាំចូលជណ្តើរយន្តបញ្ជាទំនើបខេអិនខេលីហ្វ (KNK Lift) បានចាប់ផ្តើមពង្រីកការលក់របស់ខ្លួន ទៅកាន់បណ្តាខេត្តធំៗ ជាច្រើន ខណៈតម្រូវការប្រើប្រាស់ជណ្តើរយន្ត កាន់តែកើនឡើងខ្ពស់ នៅក្នុងទីផ្សារនៃវិស័យសំណង់អាគារ នៅក្នុងប្រទេសកម្ពុជា។

លោក Kostas Vassos អ្នកគ្រប់គ្រងផ្នែកលក់អន្តរជាតិ នៃក្រុមហ៊ុន Kleemannlift china co.,Ltd បានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចនាំចូលជណ្តើរយន្តផ្តាច់មុខ ចូលមកប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនខេអិនខេលីហ្វ (KNK Lift) គឺដោយសារតែកម្ពុជាកំពុងរីកចម្រើន ទៅលើការសាងសង់អាគារទំនើបៗ ខ្ពស់ៗបែបស៊ីវិល័យ។

ជាទូទៅទាក់ទងនឹងការលក់ជណ្តើរយន្តរបស់ក្រុមហ៊ុន KNK Lift គឺត្រូវបានពង្រីកទៅកាន់សាខាខេត្តសៀមរាប ហើយ KNK Lift ក៏មានគម្រោងលក់បន្ត ទៅកាន់បណ្តាខេត្តមួយចំនួនទៀត ដែលមានខេត្តព្រះសីហនុ ប៉ោយប៉ែត និងតាមបណ្តាខេត្តជាច្រើនទៀតផងដែរ។

បើតាមលោក ឌិន ជិនដេន ប្រធានផ្នែកលក់នៃក្រុមហ៊ុន KNK Lift បានឲ្យដឹងថា ជណ្តើរយន្តដែលនាំចូលមាន៣ប្រភេទ គឺទី១៖ ប្រភេទជណ្តើរយោងប្រអប់, ទី២៖ប្រភេទជណ្តើរកាំរត់ឡើងចុះ និងទី៣៖ប្រភេទជណ្តើរសម្រាប់ដាក់ក្នុងផ្ទះវីឡា ដោយប្រើភ្លើងជាដើម។ សូមបញ្ជាក់ថា យ៉ាងហោចណាស់ក្នុង១ឆ្នាំ ការលក់ចេញជណ្តើរយន្តរបស់ក្រុមហ៊ុន KNK Lift មានច្រើនជាង១០០គ្រឿង ដែលការលក់នេះ ត្រូវបានក្រុមហ៊ុនចាត់ទុកថា គឺជាការលក់ដែលមានកំណើនខ្ពស់ សម្រាប់ប្រទេសកម្ពុជា ដែលមិនបានរាប់បញ្ជូនជាមួយការចុះកុងត្រាបញ្ជាទិញ ពីបណ្តាក្រុមហ៊ុនសំណង់ជាច្រើនទៀតនាពេលបច្ចុប្បន្ន៕