(ត្បូងឃ្មុំ)៖ គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងសហការី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

ព្រឹទ្ធាចារ្យ ប៊ូ ថង បាទទួលមរណភាព កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៖២០នាទីយប់ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

លោក ស៊ាក ឡេង និងលោក គន់ សុភា បានចាត់ទុកមរណភាពរបស់លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំទាំងអស់ ថ្នាក់ដឹកនាំទាំង២រូប បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក ព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋានភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕

Advertising