(ភ្នំពេញ)៖ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានថ្លែងអះអាងថា ប្រទេសដែលជាសមាជិកអាស៊ាន មិនគាំទ្រនយោបាយក្បត់ជាតិរបស់លោក សម រង្ស៉ី នោះទេ បើទោះបីជាប្រទេសទាំងនោះ ជាមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។

ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ», ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងតំបន់អាស៉ីអាគ្នេយ៍នេះ ពុំអាចមានប្រទេសណា ទៅគាំទ្រនយោបាយក្បត់ជាតិរបស់ សម រង្ស៉ី ទេ ទោះបីប្រទេសទាំងអស់នោះ ជាសម្ព័ន្ធមិត្ត អ្នករកស៉ីជាមួយអាមេរិកក៏ដោយ»

បើលោក រស់ ចន្ត្រាបុត្រ បានឱ្យដឹងបន្ថែមថា មូលហេតុដែលលោកអះអាងថា ប្រទេសអាស៊ានមិនគាំទ្រសកម្មភាពក្បត់ជាតិរបស់ លោក សម រង្ស៉ី ដែលមានអាមេរិកនៅពីក្រោយខ្នងនោះ ព្រោះប្រទេសទាំងនោះ ក៏មានទំនាក់ទំនងរកស៉ី ជាមួយមហាយក្សចិនផងដែរ។ ជាមួយគ្នានេះ ប្រទេសអាស៊ាន ចង់បានតែការក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់រួមគ្នាតែប៉ុណ្ណោះ។

ថ្លែងម្តងហើយម្តងទៀត, សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានបញ្ជាក់ថា៖ «នៅក្នុងនេះខ្ញុំជឿថា សហរដ្ឋអាមេរិកដឹងច្បាស់ណាសនូវភូមិសាស្ត្រនយោបាយ ហើយនៅក្នុងកន្លែងនេះ ខ្ញុំជឿថា អាមេរិកក៏មិនអាចនឹងអនុវត្តន៍ នូវគម្រោងផែនការរបស់ខ្លួននេះបានដែរ។ នេះគ្រាន់តែនយោបាយមួយ សម្ពាធមួយរបស់នយោបាយអាមេរិក មកលើកម្ពុជាតែប៉ុណ្ណោះ ពីព្រោះប្រទេសនៅក្នុងតំបន់សព្វថ្ងៃនេះ គេមានទំនាក់ទំនងរកស៉ីជាមួយគ្នា ប្រទេសនៅក្នុងតំបន់អាស៉ី សម្បីតែអូស្រា្តលី សូម្បីតែជប៉ុន ក៏រកស៉ីជាមួយនឹងចិនដែរ»

លោកបន្តថា «អ្វីដែលជាទំនាក់ទំនងនៅក្នុងតំបន់ គឺជាទំនាក់ទំនងនយោបាយ គឺជាទំនាក់ទំនងមួយការទូត ជាទំនាក់ទំនងមួយដើម្បីរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងទឹកដីអាស៉ី ក៏ដូចជាទឹកដីអាស៊ាន»

លោក រស់ ចន្ត្រាបុត្រ ដែលជាសាស្តា្រចារ្យផ្នែកនយោបាយដ៏ចំណាស់មួយរូបផងនោះ បានបង្ហាញជំនឿថា ប្រទេសអាស៊ាន នឹងមិនដើរតាមផ្លូវ ដែលអាមេរិកគូសវាស ដូចបណ្តាប្រទេសនៅអាមេរិកខាងត្បូងឡើយ។ លោកថ្លែងថា «ដូច្នេះខ្ញុំជឿថា សហរដ្ឋអាមេរិកមិនល្ងង់ រហូតទៅដល់រុញឱ្យ សម រង្ស៉ី មកក្រឡុក ចលាចល អស្ថិរភាពនៅកម្ពុជាទេ ពីព្រោះប្រទេសទាំងអស់ មិនអាចនឹងដើរតាមអាមេរិក ១០០ភាគរយ ដូចជានៅក្នុងតំបន់អាមេរិកខាងត្បូងនោះទេ»

Advertising