(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់ការផលិតបន្លែគ្រប់ប្រភេទរបស់ប្រជាកសិករឲ្យមានការគាំទ្រច្រើនពីសំណាក់អតិថិជន ក៏ដូចជា ការផ្តល់នូវភាពជឿជាក់ដល់អតិថិជនសម្រាប់ទិញបន្លែសុវត្ថិភាព យកទៅទទួលទានដោយមិនមានភយ័ព្រួយនោះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមសម្ភោធស្តង់បន្លែសុវត្ថិភាព ក្នុងស្រុកមួយកន្លែង នៅផ្សារកំពង់ប្រណាក ក្នុងគោលបំណងបង្កើនបរិមាណការលក់បន្លែសុវត្ថិភាព ក្នុងស្រុកជួយដល់អាជីវករដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួនអោយកាន់តែប្រសើរថែមទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា «ស្តង់បន្លែសុវត្ថិភាពក្នុងស្រុក ដែលយើងធ្វើការសម្ភោធនៅពេលនេះ ពិតជាបានផ្តល់នូវសារសំខាន់ណាស់ដល់អាជីវករដែលជាអ្នកលក់ដូរ»

លោកបន្តថាបើគេចង់ទិញបន្លែសុវត្ថិភាពក្នុងស្រុកយកទៅទទួលទាន គឺពិតណាស់គេនិងមកទិញនៅស្តង់របស់យើងហើយ ដោយសារគេជឿជាក់ថាស្តង់របស់យើងលក់បន្លែសុវត្ថិភាព បន្លែធម្មជាតិដែលដាំដុះដោយកសិករក្នុងស្រុកដោយមិនប្រើប្រាស់ជីគីមី។

លោក ពឹង ទ្រីដា បានបន្តឲ្យដឹងទៀតថា មន្ទីរកសិកម្មខេត្តព្រះវិហារ បានសហការជាមួយគម្រោងបន្លែផ្លែឈើកម្ពុជា(ឈេន) ដោយអនុវត្តន៍ស្រុកគោលដៅចំនួន៨ ៣៦ឃុំ និង៥៨ភូមិ ក្នុងខេត្តព្រះវិហារ។

លោកថា ក្នុងឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម មានក្រុមកសិករសរុបចំនួន ៥៩ក្រុម ក្នុងនោះក្រុមដាំបន្លែអាជីពមនចំនួន៩ក្រុម ក្រុមដាំហូបចំនួន១៥ក្រុម និងក្រុមដាំបន្លែពាក់កណ្តាលអាជីពមានចំនួន៣៤ក្រុម។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ចូលរួមលើកទឹកចិត្តដល់ប្រជាកសិករដែលដាំដុះបន្លែធម្មជាតិ ដោយអញ្ជើញទៅទិញបន្លែនៅស្តង់បន្លែសុវត្ថិភាពក្នុងស្រុកនៅផ្សារកំពង់ប្រណាកអោយបនគ្រប់ៗគ្នាដើម្បីសុខភាពក្រុមគ្រួសារយើង៕