(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របកគំហើញលើលទ្ធភាព បញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ នៅសណ្ឋាគារសាន់វ៉េ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

សិក្ខាសាលានេះរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ និងទទួលការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) PEPFAR និង HP+/Palladium។ សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួង សុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី តំណាងដៃគូអភិវឌ្ឍន៍ (USAID, PEPFAR, UNAIDS, WHO, UNDP & HP+) តំណាងរដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង បាត់ដំបង កណ្តាល តំណាងអង្គការសង្គមស៊ីវិល (CPN+, HACC, KHANA, FHI, CHEC, CRS, RHAC, BfH, PC, MHC & AUA) ប្រមាណ១០០នាក់។

ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាត្រូវបានអង្គការ សហប្រជាជាតិប្រគល់ជូនពានរង្វាន់ស្តីពីការសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ទី៦ ក្នុងការបង្ការនិងថែទាំមេរោគអេដស៍ និងជំងឺអេដស៍នៅ កម្ពុជា ជាលើកដំបូងកាលពីឆ្នាំ២០១១ និងការសម្រេចបានគោលដៅ៩០-៩០-៩០ ក្នុងចំណោមប្រទេស៧នៅលើពិភពលោក (បុតស្វាណា កម្ពុជា ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអ៊ែត សិង្ហបុរី និងចក្រភពអង់គ្លេស) ជាលើកទី២ កាលពីឆ្នាំ២០១៧។

លោកទេសរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះយើងនៅមានបញ្ហាប្រឈមជាច្រើនដែលមានជាអាទិ៍ ទី១) កំណើននៃការចម្លងមេរោគអេដស៍ លើក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុម យុវវ័យ, ទី២) ការស្វែងរកឱ្យឃើញអ្នកផ្ទុកមេរោគអេដស៍ ប្រមាណមួយម៉ឺននាក់ដែលបាត់ខ្លួន ឬមិនមកទទួលសេវា និង៣) កង្វះរបាយការណ៍ពីមន្ទីរពេទ្យឯកជន អំពីការ អនុវត្តកម្មវិធីកាត់បន្ថយការចម្លង មេរោគអេដស៍ពីម្តាយទៅកូន។ ក្រោយពេលរាជរដ្ឋាភិបាលដាក់ចេញនូវ គោលនយោបាយ៧ចំណុច ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងវិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញវិធានការមួយចំនួន ដូចខាងក្រោមនេះ ៖

*ទី១៖ រៀបចំនិយាមប្រតិបត្តិស្តីពីការដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ និងផែនការវិនិយោគឃុំនៅឆ្នាំ២០១៧
*ទី២៖ រៀបចំសៀវភៅបណ្ដុះបណ្ដាលស្តីពីបរិយាកាសគាំទ្រ ច្បាប់ និងគោលនយោបាយក្នុងការ គាំទ្រការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ នៅដើមឆ្នាំ២០១៩
*ទី៣៖ ដឹកនាំ និងសម្របសម្រួលការងារបញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងវិនិយោគ ឃុំ សង្កាត់ និងការផ្តល់ ប័ណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនងាយរងគ្រោះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលយើង «មិនត្រូវទុកអ្នកណានរណាម្នាក់ចោល» នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យមាន «ចរន្តជាតិ» ដើម្បីបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺ អេដស៍ដែលជាការគំរាមកំហែងចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០២៥។ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិ លើកទី៥ សម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ដែលនឹងត្រូវដាក់ ជូនកិច្ចប្រជុំពេញអង្គនៅដើមខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ។

នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានសកម្ម ដើម្បីរកធាតុចូលសំដៅបិទគម្លាត នៃការបង្ការការព្យាបាល និងការគាំទ្រ ជាពិសេស ការគាំពារសង្គមនៅថ្នាក់មូលដ្ឋាន ហើយមណ្ឌលសុខភាព និងក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើការជាមួយអ្នកស្ម័គ្រចិត្តសហគមន៍ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះទាំងអស់អាចចូលរួម និងទទួលបានសេវាសាធារណៈប្រកបដោយគុណភាព ដោយគ្មានការភ័យខ្លាច គ្មានការរើសអើងអ្វីទាំងអស់ ដើម្បីជួយលើកកម្ពស់គុណភាពជីវិត របស់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជន គន្លឹះ ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ដែលជាការវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕