Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ តបណ្តាញទឹក ដើម្បីស្រោចស្រពថែទាំដើមឈើ និងដាំជួសនូវដើមឈើ នៅក្នុងបរិវេណវត្តគល់ទទឹង

19-09-2019 13:19

(ភ្នំពេញ)៖ តាមការលើកឡើងរបស់អភិបាលរាជធានី លោក ឃួង ស្រេង ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋ, មន្ត្រីរាជការ មហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើ ឲ្យដូចស្រឡាញ់កូនចៅខ្លួននោះ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដឹកនាំដោយលោក គាំ សី ហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានរៀបចំតបណ្តាញទឹក ដើម្បីស្រោចស្រពថែទាំដើមឈើ និងដាំជួសនូវដើមឈើ ដែលបានងាប់ នៅក្នុងបរិវេណវត្តគល់ទទឹង។

ដើមឈើទាំងនេះ បានដាំនៅក្នុងពិធីរុក្ខទិវា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងបរិវេណវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឃួង ស្រេង។

ជាមួយគ្នានេះ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើ ដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីទីក្រុងមានសភាពបៃតងស្រស់បំព្រង រួមចំណែកទាក់ទាញទេសចរ ឲ្យមកកំសាន្តឲ្យបានច្រើនកុះករ។ លោកជំរុញថា ត្រូវតែចូលរួមដាំ ដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ទុកសម្រាប់កូនចៅជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើ ស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ អ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនឯងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕