(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង និងពិធីលាងសាយភោជន ក្រោមអធិបតីភាព លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអីពីការបង់ពន្ធលើវិស័យសំណង់ និងអចលនទ្រព្យ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

មុននឹងចូលដល់ខ្លឹមសារផ្សព្វផ្សាយអំពីការបង់ពន្ធ លើវិស័យសំណង់ និងអចលនទ្រព្យ លោកឧកញ៉ា លី ហួរ ប្រធានសមាគម បានរាយការណ៍ដល់អង្គប្រជុំ អំពីសកម្មភាព សមិទ្ធផលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ លោកឧកញ៉ា លី ហួរ បេក្ខភាពប្រធានសមាគមតែមួយគត់ ដែលបានគ្រប់គ្រង សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី២។

ក្នុងឆ្នាំទី១ នៃអាណត្តិទី២នេះ លោកឧកញ៉ាបានដឹកនាំសមាគម ទទួលបានសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ និងបានធ្វើវេទិកាធុរកិច្ចសម្រាប់ពង្រឹង ពង្រីកកិត្យានុភាព ធ្វើកិច្ចសហប្រតិបត្តិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គិសនីកម្ពុជា, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដល់ការអភិវឌ្ឍគម្រោងរបស់សមាជិក-សមាជិកា។

សមាគមក៏បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សមាគមអចលទ្រព្យចិន សមាគមអចលទ្រព្យសឹង្ហបុរី ការជួបជុំអ្នកវិនិយោគប្រទេសជប៉ុន ចូលរួមវេទិកាតាំងពិព័រណ៌ទាំងក្នុងស្រុក និងក្រៅស្រុក មានប្រទេសភូមា ថៃ និងប្រទេសសឹង្ហបុរីជាដើម។

នៅពេលខាងមុខឆាប់ៗនេះ សមាគម នឹងធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សារណៈ ជាមួយសមាគមអចលទ្រព្យចិន មិនត្រឹមតែប៉ុណ្ណោះ សមាគមមានផែនការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនទៀត ដើម្បីកិត្តិយសសមាគមទាំងតំបន់អាស៊ាន និងពិភពលោក។ កន្លងថ្មីៗនេះ សមាគមបានអនុញ្ញាតឲ្យវិទ្យាស្ថានអចលនទ្រព្យកម្ពុជា និងវិទ្យាស្ថានអចលនទ្រព្យសឹង្ហបុរី ចូលជួបពិភាក្សា និងធ្វើកិច្ចសហប្រតិបត្តិការ ទៅលើការផ្តល់វគ្គបណ្តុះបណ្តាល អំពីវិស័យសំណង់ និងអចលទ្រព្យ។

បន្ទាប់មកលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋាន បានបកស្រាយពន្យល់នូវគោលការណ៍ច្បាប់ និងអត្ថប្រយោជន៍ នៃការបង់ពន្ធរបស់អ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកតែងតែគាំទ្រ ដល់វិស័យឯកជន ក្នុងការប្រកមអាជីវកម្ម។ លោកនឹងធ្វើជាដៃគួរសហការដ៏ល្អ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាពិសេសអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីធ្វើសេវាកម្មបង់ពន្ធឲ្យបានកាន់តែល្អប្រសើរជាងនេះទៀត និងគាំទ្រ បំពេញភាពខ្វះចន្លោះឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើន និងដើម្បីសេដ្ឋកិច្ចប្រទេសជាតិកម្ពុជាទាំងមូលផងដែរ៕