(ហាណូយ-វៀតណាម)៖ ឆ្លៀតក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នគរបាលជាតិកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងជាអនុប្រធានសន្និសីទ បានចូលជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង អនុវត្តច្បាប់នៃប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរនាពេលកន្លងមក។

ភាគីវៀតណាមបានចាត់ទុកនគរបាលជាតិកម្ពុជា គឺជាដៃគូមួយដ៏ល្អមួយដែលបានរួមចំណែកក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ ដែលភាគីវៀតណាមមិនអាចខ្វះបាន។

ជាកិច្ចឆ្លើយតប ភាគីកម្ពុជាបានលើកឡើងអំពីសមិទ្ធផលជាច្រើន ដែលភាគីទាំងពីរបានសហការគ្នាកន្លងមក ដូចជាការទប់ស្កាត់បទល្មើសឧក្រិដ្ឋឆ្លងដែន ជាពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។

ភាគីកម្ពុជា ក៏បានជម្រាបជូនភាគីវៀតណាមផងដែរ អំពីភារកិច្ចមមាញឹករបស់ខ្លួន ដែលឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ានណាប៉ូល លើកទី៤០ (ASEANAPOL CONFERENCE 40th) បន្ទាប់ពីវៀតណាម និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងនៅឆ្នាំ២០២២ ក៏មានកិច្ចប្រជុំកំពូលៗជាច្រើនផងដែរ ជាពិសេសនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

ដូច្នេះហើយបទពិសោធន៍ ក៏ដូចជាចំណេះដឹង និងផែនការការពារសំខាន់ៗ ដែលភាគីវៀតណាម ធ្លាប់បានទទួលព្រឹត្តិការណ៍ធំៗអន្តរជាតិដូចជា កិច្ចប្រជុំ APEC (Asia Pacific Economic Cooperation) និងកិច្ចប្រជុំកំពូលនានា ដែលបទពិសោធន៍ ក៏ដូចជាចំណេះដឹង និងផែនការការពារសំខាន់ៗ ទាំងអស់នេះ គឺជាគន្លឹះដ៏សំខាន់ ដែលភាគីកម្ពុជាអាចរៀនសូត្រពីភាគីវៀតណាមផងដែរ។

ឆ្លើយតបទៅនឹងកិច្ចការនេះ លោក តូ ឡឹម បានឯកភាពទាំងស្រុងក្នុងការជួយជ្រោមជ្រែងកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជាក៏ដូចជាជោគជ័យរបស់វៀតណាម និងបណ្តាប្រទេសអាស៊ានផងដែរ ដែលជាមុខមាត់ដ៏សំខាន់ និងក៏ជាកិត្តិយសរបស់យើងទាំងអស់គ្នា។

លោក ក៏បានទទួលស្វាគម៍ចំពោះប្រតិភូកម្ពុជា ដើម្បីមកដកពិសោធន៍ផែនការការពារក្នុងព្រឹត្តិការធំៗរបស់វៀតណាម ហើយវៀតណាមក៏អាចពិចារណាក្នុងការបញ្ជូនប្រតិភូទៅកម្ពុជាដើម្បីផ្តល់បទពិសោធន៍ក្នុងកិច្ចការពារព្រឹត្តិការធំៗទាំងអស់នោះផងដែរ។

ជាមួយគ្នានោះ លោក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានសន្យាថានឹងជួយផ្គត់ផ្គង់មធ្យោបាយ សម្ភារៈ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំធំៗដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងដំណើរការដោយរលូន៕