(ព្រៃវែង)៖ រថយន្តដឹកជ្រូករស់មួយគ្រឿង ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងសមត្ថកិច្ច បង្ក្រាបនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវលេខ៨ ឃុំករញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក តាន ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញានេះថា នៅល្ងាចថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ លោកបានបញ្ជាឲ្យក្រុមអន្តរាគន៍បង្ក្រាបចលនាសត្វ និងផលិតផលសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ដឹកជ្រូកចំនួនជាង២៥ក្បាល ដឹកចញពីប្រទេសវៀតណាម តាមច្រកអន្លង់ជ្រៃ ភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ឆ្ពោះទៅកាន់ភូមិស្ពានភ្លើង ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រុមការងារឃាត់នៅផ្លូវលេខ៨ ឃុំករញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកអគ្គនាយកបញ្ជាក់ថា បន្ទាប់ពីឃាត់បានរថយន្តដឹកជ្រូកដោយខុសច្បាប់នោះ ក្រុមការងារបាននាំបញ្ជូនបទល្មើស និងវត្ថុតាងទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនអនុញ្ញាតឲ្យនាំចូលសត្វជ្រូក ពីប្រទេសវៀតណាមឡើយ បន្ទាប់ពីប្រទេសនេះ មានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ជ្រូកអស់រាប់លានក្បាល។ ប៉ុន្តែទោះបី មានការហាមឃាត់យ៉ាងដូច្នេះក្តី ក៏ក្រុមឈ្មួញខិលខូចមួយចំនួន បានលួចនាំចូលមកកម្ពុជា រហូតផ្ទុះនូវជំងឺនេះ ក្នុងខេត្តមួយចំនួន ដែលនាំឲ្យខាងបង់នូវទឹកប្រាក់រាប់សែនដុល្លារ និងប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ៕