(ព្រៃវែង)៖ នៅព្រឹកទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំអង្គរទ្រេត បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តត្រាច ស្ថិតនៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារឃុំ-ភូមិ រដ្ឋបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ថ្នាក់ដឹកនាំភូមិ និងប្រជាពុទ្ធបរិស័ទសរុបប្រមាណ ១៨៩នាក់។ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ រួមជាមួយប្រជាពុទ្ធបរិស័ទ បានប្រគេននូវទេយ្យទាន បច្ច័យព្រះសង្ឃ ៧អង្គ និងបច្ច័យកសាងវត្ត។

បន្ទាប់ពីកិច្ចពិធីសាសនា នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានធ្វើការសំណេះសំណាល នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជូនចំពោះពុទ្ធបរិស័ទ នឹងបានលើកឡើងអំពីស្ថេរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងឧបាយកលបដិវត្តពណ៌ សភាពការណ៍វិវឌ្ឍន៍ប្រែប្រួលរបស់ពួកអមិត្ត។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានសំណូមដល់ប្រជាពុទ្ធបរិស័ទ សូមចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាកសាងបុណ្យ សន្សំកុសលតាមកម្លាំងសទ្ធារៀងៗខ្លួន ដោយទឹកចឹត្តជ្រះថ្លា៕