(ភ្នំពេញ)៖ អគ្គលេខាធិការរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈចំនួន៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

របៀបវារៈទាំង៣នោះរួមមាន៖

ទី១៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ។

ទី២៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

ទី៣៖ អង្គប្រជុំបានអនុម័តយល់ព្រមលើ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នាពេលខាងមុខ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖