(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា អ្វីដែលជាការអំពាវនាវរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឱ្យដោះ​លែង​អតីតសមាជិក នៃអតីតគណបក្សប្រឆាំងនោះ គឺរាជរដ្ឋាភិបាលកម្ពុជាមិនអាចធ្វើបានទេ។ ការបដិសេធនេះ ត្រូវបានបញ្ហាក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក ផៃ ស៊ីផាន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ការបង្គាប់ ឬសំណូមមកកាន់រាជរដ្ឋាភិបាលកម្ពុជា គឺយើងមិនអាចធ្វើបានទេ យើងអត់មានអំណាចទៅធ្វើដើម្បីរុករានគ្រប់ដណ្តប់ទៅលើកាតព្វកិច្ចរបស់តុលាការ»

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោកស្រី Morgan Ortagus បានចេញសេចក្តីប្រកាសខ្លីជាវីដេអូមួយ ដោយបង្ហាញការព្រួយបារម្ភ អំពីស្ថានភាពនយោបាយនៅកម្ពុជា ហើយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនរបស់ អតីតគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនទាន់យល់អំពីច្បាប់ និងការបែងចែកអំណាចរបស់ប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោសរំលាយរួចទៅហើយ កាលពីចុងឆ្នាំ២០១៧ ដោយឈរលើអង្គហេតុ និងអង្គច្បាប់ ហើយតាមច្បាប់ គឺពុំមានសកម្មជនគណបក្សសង្រ្គោះជាតិទៀតឡើយ។

លោកបានបញ្ជាក់ទៀតថា អ្វីដេលជាសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជាធ្វើនេះ គឺជាការអនុវត្តតាមបទបញ្ជារបស់តុលាការ ព្រោះកម្ពុជាបានបែងចែកអំណាចជាបីដាច់ដោយឡែកពីគ្នាគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោកបានគូសបញ្ជាក់បន្ថែមថា បុព្វសិទ្ធិនាយករដ្ឋមន្រ្តី ក្នុងការស្នើលើកលែងទោស ឬបន្ធូរបន្ថយទោសនរណាម្នាក់ គឺលុះត្រាណាតែចប់នីតិវិធីតុលាការតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ជនជាប់កាតព្វកិច្ចរបស់តុលាការ ដោយមានអង្គហេតុ និងអង្គច្បាប់ រាជរដ្ឋាភិបាលមិនមានអំណាចណា​ទៅជ្រៀតជ្រែកទេ លើកលែងតែចប់ករណីរបស់តុលាការ​ដែលជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី។ អ្នកឃាត់ខ្លួន ត្រូវតែឆ្លងកាត់ដំណាក់កាលតុលាការ ហើយបុព្វសិទ្ធរបស់នាយករដ្ឋមន្រ្តី គឺនៅពេលដែលច្បាប់នីតិវិធីរបស់តុលាការ បាននាយករដ្ឋមន្រ្តី អាចស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោស»

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦នាក់ ជាអតីតសកម្មជនបក្សប្រឆាំង ដែលពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវធ្ងន់ធ្ងរដល់សន្តិសុខសង្គម»