(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួងបរិស្ថាន និងអង្គការ Let's do it! World គ្រោងរៀបចំ «ទិវាពិភពលោកស្អាត» នៅទូទាំងប្រទេស នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរសាទរ «ទិវាពិភពលោកស្អាត» ដោយបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋចូលរួមជាមួយយុទ្ធនាការនេះឱ្យបានច្រើនកុះករ។

បើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទិវាពិភពលោកស្អាត ត្រូវបានរៀបចំឡើងនៅក្នុង១៥៧ប្រទេស និងមានអ្នកចូលរួមសរុបប្រមាណ ១៧.៨លាននាក់។ សំរាមបានប្រមាណ ៨៨,៥០០តោន ត្រូវបានប្រមូលក្នុងយុទ្ធនាការនោះ។

សម្រាប់ឆ្នាំ២០១៩នេះ កម្ពុជានឹងបន្តចូលរួមរៀបចំទិវាពិភពលោកស្អាតបន្តទៀត ដើម្បីជាចំណែកមួយនៃពិភពលោកផង និងដើម្បីជាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងបរិស្ថានផង។

ដូចនេះដើម្បីឱ្យទិវាពិភពលោកស្អាតនៅកម្ពុជា មានអ្នកចូលរួមច្រើនកុះករ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ
សង្គមស៊ីវិល ប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំយុទ្ធនាការសម្អាតទៅតាមលំនៅដ្ឋាន សហគមន៍ ទីប្រជុំជនតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្តរបស់ខ្លួន រួចថតរូបភាពសកម្មភាពទាំងនោះ (សុំត្រឹម១០រូបយ៉ាងច្រើន) ផ្ញើមក Telegram លោក នូ សុផានី តាមរយៈលេខ ០១២ ៦០៧ ១៣១ មន្ត្រីនាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង ដើម្បីចងក្រងជារបាយការណ៍រួម ឬដាក់លើ website: www.cambodiacleanup.com