(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារ ជាមួយលោក Mr.LIU Pingzhi អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសហការលើវិស័យកសិកម្ម ព្រមទាំងពិភាក្សាលើការងារសំខាន់ៗ ទាក់ទងនឹងការរៀបចំបង្កើត បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា (Cambodian Academy of Agricultural Science, CAAS)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយៈការនុវត្តគោលនយោបាយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ របស់រដ្ឋាភិបាលទាំងពីរ និងគោលនយោបាយរបស់លោក ស៊ី ជិនភីង «ខ្សែក្រវាត់ និងផ្លូវ»។ ថ្មីៗនេះកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហើយពិតណាស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាកំពុងមានមោទនភាពលើសមិទ្ធផលដែលខ្លួនសម្រេចបាននេះ។

លោក វេង សុខុន ក៏បានជម្រាបជូនលោកអភិបាលរងខេត្តហាយណាន ឱ្យដឹងថា សមិទ្ធផលដ៏ធំធេងនេះមិនអាចកាត់ផ្តាច់បានពីចំណងសាមគ្គីភាព មិត្តភាពជាបងប្អូន កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោង និងជោគវាសនាតែមួយ របស់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ដែលជាឱកាសដ៏ល្អក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ក៏ដូចជាស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្មផងដែរ។

នាឱកាសនេះ លោក Mr.LIU Pingzhi បានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងដូចនឹងអ្វីដែលប្រទេស និងប្រជាជននៃប្រទេសទាំងពីរបានប្រើប្រាស់ទឹកទន្លេមេគង្គជាមួយគ្នា ។

ក្នុងនាមថ្នាក់ដឹកនាំមួយរូបរបស់ខេត្តហាយណាន ក៏ដូចជាប្រទេសចិនផងដែរនោះ លោកក៏បានចូលរួមសម្តែងនូវអំណរសាទរ ចំពោះការរីកចម្រើនដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលនេះ។ ដោយមើលឃើញពីការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿនគួរ ឱ្យកត់សម្គាល់របស់កម្ពុជា ដែលនេះគឺជាហេតុផលទាក់ទាញប្រតិភូខេត្តហាយណាន មកធ្វើទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទី១៖ ស្ថានភាព និងសក្តានុពលវិនិយោគលើអនុវិស័យវារីវប្បកម្ម, ទី២៖ ការបង្កើតសួនគំរូដំណាំឈើហូបផ្លែ និងបន្លែដែលគ្មានសារធាតុគីមី ទី៣៖ ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំណាំត្រូពិច និងសិក្សាពីជំងឺឆ្លងដំណាំនៅកម្ពុជា និងទី៤៖ ពិនិត្យលទ្ធភាពផ្តល់កិច្ចសហការ ជួបរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា។

ក្រៅពីនេះ លោក Mr.LIU Pingzhi ក៏បានជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបផងដែរ អំពីស្ថានភាពភូមិសាស្រ្ត ទឹកដី ប្រជាជន ការគ្រប់គ្ររដ្ឋបាល ការរីកចម្រើនលើវិស័យកសិកម្ម បច្ចេកវិទ្យាផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេស សក្តានុពលទេសចរណ៍ សក្តានុពលព្រៃឈើ ដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ បច្ចេកវិទ្យាទាន់សម័យរបស់ខេត្តហាយណានផងដែរ។ ដើម្បីពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយខេត្តហាយណាន អភិបាលរងខេត្ត ក៏បានអញ្ជើញរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ដឹកនាំប្រតិភូក្រសួង ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ចំពេលដែលខេត្តនេះនឹងធ្វើការរៀបចំតាំងពិពណ៌ផលិតផលកសិកម្ម ហើយខេត្តនឹងសូមស្វាគមន៍ ចំពោះកសិផលកម្ពុជា ក្នុងពិពណ៌នោះផងដែរ។

ជាការឆ្លើយតបលោករដ្ឋមន្រ្តី វេង សុខុន បានថ្លែងអរគុណចំពោះព័ត៌មានជារួមដោយសង្ខេបលម្អិតស្តីអំពីការរីកចម្រើន របស់ខេត្តហាយណាន។ ដោយឡែក ចំពោះការរៀចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា លោកបានថ្លែងបញ្ជាក់ជូនថា វាពិតជាមានសារប្រយោជន៍ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្វែងយល់ចែករំលែកបទពិសោន៍កសិកម្មរវាងភាគីទាំងពីរ ហើយដែលបទពិសោធន៍ដ៏ល្អៗនេះ កម្ពុជាកំពុងត្រូវការចាំបាច់ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

លោកបានជម្រាបជូនភាគីចិនថា នៅចំពោះកម្មវត្ថុទី២ និងទី៣ ខាងលើ ក្រសួងរីករាយស្វាគមន៍ និងផ្តល់កិច្ចសហការយ៉ាងពេញលេញស្របពេល ដែលក្រសួងកំពុងសិក្សាពិនិត្យ និងវាយតម្លៃលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម នៅខេត្តស្ទឹងត្រែង លើផ្ទៃដីជាង ៦០០ហិចតា ហើយកម្មវត្ថុទាំងពីរ អាចយកទៅសហការអនុវត្តនៅទីនោះបាន។ លោកក៏បានស្នើសុំឱ្យខេត្តហាយណាន ជួយលើវិស័យព្រៃឈើផងដែរ។

ដោយឡែក គម្រោងវិនិយោគលើវិស័យវារីវប្បកម្ម លោកបានសម្តែងនូវការស្វាគមន៍ចំពោះគិនិតផ្តួចផ្តើមនេះ ព្រោះស្របពេលដែល ក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ដោយលើកហេតុផងថា បច្ចុប្បន្នសេចក្តីត្រូវការផលចាប់ ពីវារីវប្បកម្មទាំងទឹកសាប និងសមុទ្រកំពុងត្រូវការ ដើម្បីបំពេញឱ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុក មួយវិញទៀតការអនុវត្តបច្ចេកទេសចិញ្ចឹម លើវិស័យនេះ នៅមានកម្រិត ហេតុនេះការវិនិយោគគ្រប់រូបភាព និងកែច្នៃ ក្រសួងរង់ចាំផ្តល់អទិភាព ដើម្បីបង្កើនផលិតភាពផលចាប់វារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រធានាបរិមាណ និងគុណភាពផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការនាំចេញ។

ចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ច លោក វេង សុខុន បានជម្រាបជូនវិញថានឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្របនឹងអញ្ជើញ ទៅចូលរួមការតាំងពិពណ៌ ហើយសង្ឃឹមថាកម្ពុជានឹងមានផលិផលកសិកម្មមួយចំនួន យកទៅចូលរួមដាក់តាំងពិពណ៌នាឱកាសនោះផងដែរ៕