(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលវរៈការពារព្រំដែនចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត ដែលបានយកចិត្តទុកដាក់ក្នុង ការខិតខំបំពេញភារកិច្ចជាកងកម្លាំង បំពេញកាតព្វកិច្ចការងារព្រំដែនបានល្អប្រសើរ។ បន្ថែមពីលើនេះ លោក វ៉ា ថន អភិបាលខេត្ត ក៏បានជំរុញឲ្យនគរបាលវរៈការពារព្រំ ដែនទាំងអស់ បន្តបង្កើនការរឹតចំណងមិត្តភាពរវាងប្រទេសជាប់ព្រំដែន ក្នុងកិច្ចសហការ គ្រប់គ្រងលើមុខសញ្ញាល្មើសឆ្លងដែន ទប់ស្កាត់ការបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែន ធ្វើយ៉ាងណាឲ្យព្រំដែនមានសុខសន្តិភាព។

ការថ្លែងលើកឡើងបែបនេះរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើឡើងក្នុង ពេលដែលរូបលោកបានអញ្ជើញជួបសំណេះសំណាលជាមួយនាយ - នាយរងនគរបាលវរៈ ការពារព្រំដែនលេខ៦១៩ នៅថ្ងៃទី១៨ ខែកញ្ញានេះ។ ជាមួយពិធីសំណេះសំណាលសួរសុខទុក្ខនារសៀលនោះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន ក៏បាននាំមកជាមួយនឹងការឧបត្ថមថវិកាចំនួន៥លានរៀល ដល់ទីបញ្ជាការនគរបាលវរៈការពារព្រំដែននូវ អង្ក២តោន និងគ្រឿងឧបភោគបរិភោគរួមមាន មី ត្រីខ នំអន្សម និងចែកជូន ថវិកាដល់នគរបាលវរៈការពារព្រំដែនទាំងអស់ក្នុង១នាក់ចំនួន ៤ម៉ឺនរៀល។

បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះមានខ្សែរបន្ទាត់ព្រំដែន ជាប់ជាមួយនឹង ប្រទេសវៀតណាមចម្ងាយប្រវែង១០៣គីឡូមែត្រ៧០០មែត្រ។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែរបន្ទាន់ព្រំដែន ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

អភិបាលខេត្តក្រចេះ បានជំរុញឲ្យនគរបាលព្រំដែន បន្តទំនាក់ទំនងការងារឲ្យបានល្អជាមួយប្រទេសជាប់ព្រំដែន ដើម្បីអំណោយផលល្អដល់ពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ និងជំរុញឲ្យមានការចេះបង្កបង្កើនផលក្នុងអង្គភាព និងជាលក្ខណៈគ្រួសារ ដើម្បីរួមចំណែកបំពេញបន្ថែមលើរបបគោលនយោបាយរបស់រាជរដ្ឋាភបាលដែលបានផ្គត់ផ្គង់។

លោក វ៉ា ថន ក៏បានសម្តែងការកោតសរសើរដល់ទឹកចិត្តរបស់កងកម្លាំង ដែលតែងតែអនុវត្តតាមទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំលើសន្តិភាព និងសុខក្សេមក្សាន្ត។ លោកអភិបាលខេត្ត បានអំពាវនាវដល់នាយ នាយរងនគរបាល កុំជឿលើការញុះញង់របស់ជនអគតិមួយក្តាប់ តូចក្នុងចេតនាបង្កភាពចលាចលឲ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ៕