(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញវាស់វែងដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់បន្តខិតខំបង្កើនកិច្ចការងារផ្តល់សេវាចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានទៅតាមផែនការរបស់ក្រសួងរៀបចំដែនដីដែនដី នគរូបនីយកម្ម និងសណង់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីងាយស្រួលចុះមើល និងត្រួតពិនិត្យទិន្នន័យដីជាក់ស្តែង អនុវត្តឱ្យទទួលបានជោគជ័យ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសបិទផ្សាយជាសាធាណៈ នូវឯកសានៃការវិនិច្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា៖ សាសារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រឡាយទឹក និងកសាងសមិទ្ធផលនានាជាច្រើនទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសបានដាក់ចេញនូវគោលនយោបាយកែទម្រង់ស៉ីជម្រៅ គឺបានរៀបចំក្រុមការងារក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពជាក់លាក់ និងការកាត់បន្ថយការទំនាស់ដីធ្លី ក្នុងន័យកាត់បន្ថយថវិកា រួមគ្នាលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការ និងផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ ជូនដល់មន្រ្តីជំនាញ ដើម្បីងាយស្រួលអនុវត្តការងារទទួលបានជោគជ័យទៅតាមផែនការ ក្នុងនោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពីច្បាប់គតិយុត្តនានាពាក់ព័ន្ធដីធ្លី ការសាងសង់សំណង់ជាដើម ដើម្បីងាយស្រួលដល់ជាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា ភូមិទួលស្រឡៅ សង្កាត់ទួលល្វានេះ មានផ្ទៃដីសរុបចំនួន ៥៨.៥ហិកតា ស្មើនឹង ៥៨៥,០០០ម៉ែត្រការ៉េ, ដែលមានក្បាលដីសរុបចំនួន ២០៩ក្បាលដី, ដីលំនៅដ្ឋានមានចំនួន ១៥៦ក្បាលដី, ដីកសិកម្មមា នចំនួន ៥១ក្បាលដី មានគ្រួសារសរុបចំនួន ១៤៧គ្រួសារ៕