(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំពាវនាវបន្ថែមទៀត ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឲ្យដាក់ភាសាសញ្ញា (ភាសាកាយវិការ) ឲ្យកាន់តែទូលំទូលាយ ដើម្បីងាយស្រួលផ្តល់ព័ត៌មានដល់មនុស្សគ-ថ្លង់កម្ពុជា។ ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងខណៈដែលរបាយការណ៍បានបង្ហាញថា មកដល់ពេលនេះ មានតែប្រព័ន្ធផ្សឹព្វផ្សាយតែ ៥ប៉ុណ្ណោះ បានដាក់ភាសាសញ្ញា នៅក្នុងកម្មវិធីព័ត៌មាន និងកម្មវិធីផ្សេងៗ ដើម្បីងាយស្រួលផ្តល់ព័ត៌មានដល់មនុស្សគ-ថ្លង់កម្ពុជា។

ការថ្លែងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងទិវាមនុស្សគ-ថ្លង់ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការងារទូទៅត្រូវគិតបញ្ចូលមនុស្សគថ្លង់» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងអង្គការជាតិ និងអន្តរជាតិ បងប្អូនពិការគ-ថ្លង់ជាច្រើនរូបទៀត។

លោក វង សូត បានលើកឡើងថា ទិវាមនុស្សគ-ថ្លង់ ឆ្នាំ២០១៩ និងពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាព» បានធ្វើឡើងក្នុងគោលបំណងជំរុញការយល់ដឹង អំពីទំនាក់ទំនងរវាងការងារមនុស្សគ-ថ្លង់ និងការសម្របសម្រួលបរិដ្ឋានរូបវ័ន្តសមស្រប ដែលមានរចនាបទជាទម្រង់សកល និយាមកម្ម កម្រិតជាតិ-អន្តរជាតិ អាច ឲ្យជនមានពិការភាពទូទៅទាំងក្នុង និងក្រៅប្រទេសអាចប្រើប្រាស់បាន។

ទាក់ទងនឹងការប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ ភាព» លោករដ្ឋមន្រ្តី បានបន្ថែមថា នៅលើសកលលោក ក៏ដូចជានៅកម្ពុជាការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប គឺជាផ្នែកមួយនៃការកាត់បន្ថយនិយកម្មភាពរបស់ជនមានពិការភាព ហើយក៏ជាការជួយក្នុងការជំរុញការអនុវត្តច្បាប់ គោលនយោបាយបាយជាតិ-អន្តរជាតិ ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់សិទ្ធិសេរីភាព។

តាមការលើកឡើងបន្ថែមរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ចបញ្ជាក់ថា វាជាសមិទ្ធផលថ្មី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ លើកទឹកចិត្តដល់ជនមានពិការភាព ដើម្បីឱ្យពួកគាត់ចូលរួមគ្រប់សកម្មភាព ក្នុងវិស័យអប់រំ ការងារ មុខរបរ ថែទាំសុខភាព នយោបាយ សិល្បៈ កីឡា និងសេវាសង្គមនានា ដោយស្មើភាព។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានបន្ដអំពាវនាវដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ ឲ្យរៀបចំមានអ្នកប្រើប្រាស់ភាសាសញ្ញានៅម៉ោងព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានដល់ជនពិការគ ថ្លង់ អាចទទួលបានព័ត៌មានផ្សេងៗ ដូចមនុស្សធម្មតាដែរ។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើស្ថានីយ៍ទូរទស្សន៍ណាមិនរៀបចំកម្មវិធីនេះ ហើយអះអាងថា ខាតរាល់ខែនោះ សម្ដេចក៏ប្រកាសជួយចេញថ្លៃផលិតព័ត៌មាន ដោយប្រើប្រាស់ភាសាសញ្ញា ដើម្បីផ្ដល់សិទ្ធិអ្នកពិការគ ថ្លង់ អាចបានទទួលនូវព័ត៌មានជាក់លាក់ តាមរយៈមធ្យោបាយទូរទស្សន៍ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន៕