(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានរំលឹកដល់ថ្នាក់ដឹកនាំយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងច្បាប់លក្ខន្តិកៈរបស់កងទ័ព ដោយមិនត្រូវចូលរួមដាច់ខាត ក្នុងចលនា បាតុកម្ម ឬកុប្បកម្ម និងនយោបាយប្រឆាំងណាមួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទះរាស្ត្រ ដោយត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលប្រសូតចេញពីប្រជាជន។

ការរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញបើកវគ្គបំប៉នវិក្រិត្យការ នាយទាហានជំនាន់ទី៥ ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ «ថ្លុកតាសេក» ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់នាយទាហានវ័យក្មេង គឺជាជ្រុងអាទិភាពមួយ នៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍ លើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដ ឱ្យដល់កងទ័ព ជាពិសេសយោធិន មានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺន ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្ត យុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា វគ្គបំប៉នវិក្រិត្តការនាយទាហានជំនាន់ទី៥ ដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឱ្យដល់យោធិន និងធ្វើឱ្យយោធិន យល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រយុទ្ធត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារ គ្រប់គ្រងចំនួនទ័ពនៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់ កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក ដែលបានយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កត់ធ្ងន់ថា កងទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ ណាមួយរបស់ជនក្បត់ជាតិ ដែលនាំឱ្យប្រទេសជាតិធ្លាក់ ក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មី។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាម ប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហាន ប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិ បានរឹងមាំពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

បើតាមសេចក្តីរាយការណ៍ពីឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានទ័ពជើងគោក បាននឹងកំពុងបន្តដំណើរការបណ្ដុះបណ្ដាលវគ្គ នាយទាហានទ័ពជើងគោកចំនួន ៤ជំនាន់ ដែលរួមមានវគ្គនាយទាហានទ័ពជើងគោក ជំនាន់ទី៩ ជំនាន់១០.និងជំនាន់ទី១១ និងវគ្គបំប៉ននាយទាហានថ្នាក់ ខ.គ ថ្មើរជើងជំនាន់ទី ៥ មួយជំនាន់។

ដោយឡែកវគ្គបំប៉នវិក្រិត្យការនាយទាហានជំនាន់ទី៥ ដែលត្រូវបានដំណើរការបើកវគ្គនៅថ្ងៃនេះ មានសិក្ខាកាមនាយទាហានមកពីគ្រប់កងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទចូលរៀនសូត្រចំនួន ១៧៤នាក់ ដោយប្រើរយៈពេលសិក្សា ៤ខែ លើខ្លឹមសារមេរៀន លំហាត់របៀប លក្ខន្តិកៈ វិន័យទូទៅ អប់រំនាយ យុទ្ធវិធី បច្ចេកទេសអាវុធថ្មើជើង ឋានលេខា វិស្វកម្ម កីឡា កីឡាយោធា អន្តរាវុធ សញ្ញាសំគាល់ប្រភេទទ័ព និងស្ថាប័នចំណុះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងការងារផ្សេងៗ៕