(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានទីតាំងពាក់ព័ន្ធ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រាប់រយគ្រួសារ បានចាប់ផ្ដើមមានការសប្បាយចិត្តជាខ្លាំង នៅពេលទទួលបានការចុះបញ្ជីដីធ្លី (កម្មសិទ្ធិស្របច្បាប់) ពីការិយាល័យរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ប៊ុន ឡុង ជាប្រធាន បន្ទាប់ពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយជាតំបន់វិនិឆ្ឆ័យសម្រាប់ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ស្ថិតនៅក្នុងបរិវេណវត្តឧត្តរាវតី បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ ក្រោមការគិតគូដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងពិធីប្រកាសផ្សព្វផ្សាយជាតំបន់វិនិឆ្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនេះ លោក ស៊ូ សោគន្ធ ថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានដាក់ចេញនូវកម្មវិធី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់រាជធានីភ្នំពេញ និងខេត្តដ៍ទៃទៀត ក្នុងប្រទេសកម្ពុជា។

លោកអភិបាលរងខណ្ឌឫស្សីកែវរូបនេះបន្តថា គណៈកម្មាធិការរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី មានភារកិច្ចចាំបាច់ផ្សព្វផ្សាយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់ទំនាស់ដីធ្លីក្នុងពេលចុះស្រង់ទិន្នន័យ ដោយក្រុមបច្ចេកទេសជំនាញ សុរិយោដីចំពោះម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុ ដើម្បីវាស់វែងកំណត់ព្រំដី និងកសាងប្លង់សុរិយោដី។ ចំណែកអាជ្ញាធរ ភូមិ-សង្កាត់ មានភារកិច្ចចូលរួមសហការជាមួយក្រុមជំនាញក្នុងការផ្សព្វផ្សាយ និងស្រង់ទិន្នន័យ។

លោកអភិបាលរងខណ្ឌឫស្សីកែវរូបនេះ សូមអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងពាក់ព័ន្ធនិងការចុះបញ្ជីដីធ្លី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទាំងអស់ ត្រូវរងចាំនៅលើ ទីតាំងដី ដើម្បីផ្ដិតមេដៃទទួលស្គាល់នូវព្រំដីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីក្រុមមន្ត្រីជុំនាញបច្ចេកទេស ក្នុងការវាស់វែង សម្រង់ទិន្នន័យ បន្ទាប់ពីបញ្ចប់ពិធីប្រកាសជាតំបន់ វិនិឆ្ឆ័យសម្រាប់ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ចាប់ពីពេលនេះតទៅ៕