(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកម្មវិធិពិសារតែដើម្បីពិក្សាការងារ នៅភូមិគ្រឹះរបស់ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Healther Wheeler MP រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីលោកស្រីបានជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ លោកស្រី Healther Wheeler MP បានកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ មានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស និងបានសម្តែងនូវការពេញចិត្តចំពោះ សកម្មភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដែលបាននិងកំពុងជួយដល់កម្ពុជា ក្នុងវិស័យសកកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន។

ទេសរដ្ឋមន្រ្តី បានលើកឡើងថា ជំនួយបោសសម្អាតមីនរបស់ចក្រភពអង់គ្លេស បានកំពុងចូលរួមចំណែកសង្រ្គោះជីវិតប្រជាជនកម្ពុជាយើងយ៉ាងច្រើន ឲ្យផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់សែនគ្រាប់ ព្រមទាំងបានរំដោះដី មានមីនឲ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ធ្វើកសិកម្ម និងតាំងទីលំនៅបានជាង១៣៦លានម៉ែត្រក្រឡាផងដែរ នៅក្នុងប្រទេសកម្ពុជា។

ជាចុងបញ្ចប់នៃជំនូប ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើឲ្យចក្រភពអង់គ្លេស បន្តចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់ការងារបោសសម្អាតមីនប្រឆាំងមនុស្សនេះ ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមកនេះ។

ជាការឆ្លើយតប លោកស្រី Healther Wheeler MP បានបញ្ជាក់ថា គាត់ទទួលយកសំណើនេះ ហើយគាត់នឹងស្នើរាជរដ្ឋាភិបាលចក្រភពអង់គ្លេស នៅពេលគាត់ទៅវិញ ដើម្បីសិក្សាលទ្ធភាពជួយដល់ប្រទេសកម្ពុជា៕