(កំពត)៖ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានគណៈកម្មាធិការប្រចាំការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតតំណាងលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនកុមារកំព្រារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍក្មេងកំព្រារ មនុស្សចាស់ជរា និងជនពិការចំនួន ៨៥នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

នាឱកាសចុះសួរសុខទុក្ខ និងចែកអំណោយខាងលើនេះ លោកស្រី លាង ហៃ ជាវ តាយ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី លាង ហៃ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។

ក្នុងឱកាសចែកអំណោយនេះ រួមមាន៖ អង្ករ២០បាវ ស្មើរនឹង៥០០គីឡូក្រាម,មី៤០កេសតូច, ទឹកត្រី, ទឹកស៊ីអីវ ២០យួរ, ស្ករសរ២០គីឡូក្រាម, នុំប័ង១០០ដើម, ទឹកផ្លែឈើ២០កេស, សៀវភៅ២០០ក្បាល ប៊ិច១០០ដើម និងថវិកាចំនួន ៥០០,០០០រៀល និងឧបត្ថម្ភជូនដល់លោកតាលោកយាយចាស់ជរា,កុមារកំព្រា, យុវជនកាកបាទក្រហម និងកងកម្លាំងប្រដាប់អាវុធ សរុបថវិកាចំនួន ៥៦៤,០០០រៀលផងដែរ៕