(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការបញ្ហាសុខភាព ដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងពិសាស្រា នាឱកាសពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ចូលរួមអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព ក្អួត រាក និងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ជាដើម។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តគ្រប់គ្នាមានការប្រុងប្រយ័ត្ន នៅពេលដែលកាន់បិណ្ឌ និងរៀបចំម្ហូបអាហារ ដែលអាចការពារពីជំងឺឈឺថ្កាត់នានា៖

*ទី១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
*ទី២៖ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងកំលុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់
*ទី៣៖ លាងសម្អាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
*ទី៤៖ សម្អាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
*ទី៥៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
*ទី៦៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
*ទី៧៖ កុំរក្សាទុកអាហារក្នុងកម្ដៅធម្មតាលើសពី ២ម៉ោង
*ទី៨៖ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពណាក៏ដោយ៖ ក) បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ. ខ) បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ។
*ទី៩៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាល សូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ហាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក៕