(ប៊្រុយណេ)៖ នាយកអនុវិទ្យាល័យឥស្លាម (អារ៉ាប់) សម្រាប់សិស្សនារី RAJA ISTERI PENGIRAN ANAK HAJAH SALEHA (SUAMPRIPAHS) នៅប្រទេសប៊្រុយណេ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជម្រាបដល់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសថា សាលានឹងចាត់ចែងពិនិត្យលទ្ធភាពទំនាក់ទំនង ផ្តល់អហាររូបករណ៍ ជូនសិស្សានុសិស្សពីកម្ពុជា ដែលសិក្សាផ្នែកច្បាប់ឥស្លាម និងភាសាអារ៉ាប់។

នេះជាការបញ្ជាក់ពីភាគីសាលារៀន អនុវិទ្យាល័យខាងលើ ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ចសិក្សា នៅអនុវិទ្យាល័យឥស្លាម (អារ៉ាប់) សម្រាប់សិស្សនារី RAJA ISTERI PENGIRAN ANAK HAJAH SALEHA (SUAMPRIPAHS) ប្រទេសប៊្រុយណេដារូសាឡាម។

តាមបទបង្ហាញ បានឲ្យដឹងថា សាលារៀនឥស្លាមមួយនេះ គឺបានបង្កើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៥៦ ខណៈពេលនោះមានសាខា តែ៧ប៉ុណ្ណោះ ដែលសហការជាមួយនឹងប្រព័ន្ធអប់រំរដ្ឋ ជូហ៊ោរ ប្រទេសម៉ាឡេស៊ី។ តែមកដល់បច្ចុប្បន្ននេះ សាលាមានសាខា ចំនួន២៩កន្លែង គ្រូមានដល់ទៅ៥៤៨នាក់ សិស្សសរុបពីថ្នាក់មតេ្តយ្យដល់ថ្នាក់វិទ្យាល័យ ៥,៣០៤នាក់ ដែលបង្រៀនបង្រៀនអំពីឥស្លាមដោយប្រើប្រាស់ភាសាអារ៉ាប់។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះការទទួលយកសំណើឲ្យផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សពីកម្ពុជា។ លោកក៏បានស្នើឲ្យគ្រឹះស្ថានសិក្សាផ្សេងៗទៀត នៅប្រទេសប៊្រុយណេ យកចិត្តទុកដាក់ បន្តផ្តល់អាហារូបករណ៍ គ្រប់កម្រិត និងជំនាញនានា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕