(ប៊្រុយណេ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Seri Setia Dr Awang Haji Abdul Mokti Bin Haji Mohd Daud រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីប៊្រុយណេដារូសឡាម។

រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ប៊្រុយណេដារូសឡាម លោក Dato Seri Setia Dr Awang បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន គណៈប្រតិភូកម្ពុជា ដែលបានមកបំពេញ ទស្សនកិច្ចផ្លូវការ នៅប៊្រុយណេដារូសឡាម ជាមួយគ្នានេះភាគីប៊្រុយណេ បានរីករាយក្នុងការពង្រឹងទំនាក់ទំនង ឲ្យកាន់តែប្រសើរថែមទៀត ជាមួយប្រទេសកម្ពុជាជាមិត្តដ៏យូរលង់មកហើយ។

លោកបានបន្តថា ដើម្បីផ្សារភ្ជាប់នឹងកិច្ចទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរឥស្លាម លោកនឹងពិនិត្យ ពេលវេលាលទ្ធភាព ដើម្បីដឹកនាំគណៈប្រតិភូពីប្រទេសប៊្រុយណេដារូសឡាម អញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាវិញ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរ ដល់រាជរដ្ឋាភិបាលប្រទេសប៊្រុយណេដារូសឡាម ដែលបានរៀបចំការទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពរាក់ទាក់ និងកក់ក្តៅដល់គណៈប្រតិកម្ពុជា។

ក្នុងនាមជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូននាយករដ្ឋមន្រ្តីកម្ពុជា ស្តីពីកិច្ចការឥស្លាម លោកទេសរដ្ឋមន្រ្តីបានជម្រាបភាគីប៊្រុយណេ អំពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាពិសេសគឺការដឹកនាំដែលនាំមក សុខសន្តិភាព ជូនប្រជាជាតិ និងការអនុវត្តគោលនយោបាយសុខដុមបនីយកម្ម ដែលធ្វើឲ្យជាតិសាសន៍ និងអ្នកកាន់សាសនាផ្សេងៗ នៅកម្ពុជា ជាពិសេសអ្នកកាន់សាសនាឥស្លាម បានរួមរស់ដោយសេចក្តីសុខ សុភមង្គល និងទទួលបាននូវការយកចិត្តទុកដាក់ ការផ្តល់ភាពកក់ក្តៅស្មើភាព ស្មើមុខស្មើមាត់ ក្រោមម្លប់តែមួយ ទាំងសិទ្ធិសេរីភាពក្នុងការរស់នៅ ការប្រតិបត្តិវប្បធម៌ប្រពៃណី ជំនឿសាសនា ការប្រកបរបរផ្សេងៗ និងឱកាសបម្រើការងារ នៅគ្រប់ក្រសួងស្ថាប័ន ជាដើម៕