(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ថា អ្វីដែលក្រុមអតីតគណបក្សប្រឆាំង និងសម្ព័ន្ធមិត្តនាំគ្នាចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានរឹតត្បិតសិទ្ធិសេរីភាព ការបញ្ចេញមតិ ការជួបជុំ ប្រព័ន្ធសារព័ត៌មាន និងសិទ្ធិនយោបាយនោះ គឺមានចរិតជានយោបាយ មិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នៅកម្ពុជាឡើយ។

ការបញ្ជាក់បែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា (គណ:កម្មការទី១ នៃរដ្ឋសភា) ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ជាពិសេសការផ្លាស់ប្តូរយោបល់បទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមក លើការងារលើកស្ទួយការការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចពិភាក្សាគ្នានេះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបង្ហាញពីវឌ្ឍនភាការងារ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រេចបាននាពេលកន្លងមក ព្រមទាំងបង្ហាញនូវបច្ចុប្បន្នភាព នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់គណៈកម្មការទី១ រដ្ឋសភាបានជ្រាបកាន់តែច្បាស់។

ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានធ្វើការបង្ហាញពីតួនាទីភារកិច្ច បេសកកម្ម សមិទ្ធផលសំខាន់ៗ លើការងារអប់រំ ការផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ការងារស៊ើបអង្កេត ដោះស្រាយពាក្យបណ្តឹង ដោយរំលេចនូវសមិទ្ធផលជាក់ស្តែងមួយចំនួនដូចជា៖ ការដោះស្រាយការធ្វើទារុណកម្ម ការប្រើអំពើហិង្សា ទៅលើអ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនាពេលកន្លងមក ការផ្តល់កិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកច្បាប់ដល់ស្ត្រីជាប់ឃុំ ដែលមានកូននៅជាមួយជាដើម។ល។

លោក កែវ រ៉េមី ក៏បានបង្ហាញពីយន្តការនៃកិច្ចសហការជាមួយយន្តការអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ជាពិសេសការងារសរសេរ របាយការណ៍ តាមអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិចំនួន ៥សំខាន់ៗ ដោយបានដាក់ជូនអង្គការសហប្រជាជាតិ បានទាន់ពេលវេលា និងទទួលបានការកោតសរសើរ លើកទឹកចិត្តពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយភាគីកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធ លើវិស័យសិទ្ធិមនុស្សនេះ ជាមួយយន្តការរបស់អង្គការសហប្រជាជាតិ រួមមានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេស កិច្ចសហការជាមួយអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍ និងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយភាគីជប៉ុន ដែលកម្ពុជាបានធ្វើជារៀងរាល់ឆ្នាំ និងភាគីស៊ុយអែត ដែលបានធ្វើឡើងក្នុងរយៈពេល២ឆ្នាំម្តងផងដែរ។

ទន្ទឹមនឹងនេះដែរ លោកក៏បានជម្រាបជូនគណៈកម្មការទី១រដ្ឋសភា ឱ្យដឹងថា បច្ចុប្បន្ននេះ បញ្ហាសិទ្ធិមនុស្សកម្ពុជា មានការីកច្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន៖ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិទ្ធិរបស់ជន ឬក្រុមជាក់លាក់ដូចជាស្ត្រី កុមារ ជនពិការ ជនជាតិភាគីតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងសិទ្ធិសេរីភាពការងាររបស់ពលករ ក៏ដូចជាសិទ្ធិសេរីភាពការជួបជុំគ្នា ការបង្កើតអង្គការក្រៅរដ្ឋាភិបាល បក្សនយោបាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសេរីភាពសារព័ត៌មាន។ល។ កត្តាទាំងនេះ កើតមានឡើងដោយសារតែប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាលបាននាំយកមកជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាត្រួតពិនិត្យលទ្ធភាពមួយចំនួន ក្នុងការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០១៩ រួមគ្នារវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិរួមមានរដ្ឋសភា និងព្រឹទ្ធសភា៕