(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រគល់ស្រូវពូជ ចំនួន៥៦,៨០តោន ជូនប្រជាពលរដ្ឋប្រមាណ ១៤៧៣គ្រួសារ មកពី១០ឃុំ នៃស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីចែកធ្វើឡើងនៅក្នុងបរិវេណវត្តអង្គសុរភី ស្ថិតឃុំអង្គសុរភី ស្រុកកំពង់ត្រាច ដោយមានការ ចូលរួមពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ខេត្តកំពត ឆ្នាំនេះមានផលប៉ះពាល់ដោយជំនន់ទឹងភ្លៀង តិចតួច នៅក្នុងក្រុង ស្រុក ចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូ និងស្រុកដងទង់។ ដោយឡែកសម្រាប់ ស្រុកកំពង់ត្រាច មានផលប៉ះពាល់ រហូតដល់ចំនួន១០ឃុំ ស្មើ៣៣ភូមិ មានគ្រួសារ រងគ្រោះចំនួន១៤៧៣គ្រួសារ ស្មើនឹងផ្ទៃដី១០០៩,៣២ហិចតា ហើយចំពោះការចែកស្រូវពូជ ជូនប្រជាកសិកររងគ្រោះនៅពេលនេះ គឺមកពីឃុំ ចំនួន១០ ដែលមានស្រូវពូជត្រូវយកមកចែកជូន មានចំនួន៥៦,៨០តោន សម្រាប់លើផ្ទៃដី ចំនួន១០០៩ហិចតា និងមានប្រជាពលរដ្ឋមកទទួលចំនួន១៤៧៣គ្រួសារ។

លោក ជាវ តាយ បានលើកបញ្ជាក់ថា ស្រូវពូជ ប្រភេទសែនក្រអូប ដែលមិនប្រកាន់រដូវ មានចំនួន៥៦,៨០តោន របស់រាជរដ្ឋាភិបាលផ្ដល់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់ជូនតាមសំណើរបស់រដ្ឋបាលលខេត្តកំពត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាគ្រោះមហន្តរាយធម្មជាតិ គឺយើងមិនអាចកំណត់ឱ្យជាក់លាក់បានមុនឡើយតែបញ្ហាសំខាន់ គឺរាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតែមានការគិតគូរដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា គឺជារឿងសំខាន់។ ពិសេសការនាំយកស្រូវពូជមកចែកជូនប្រជាកសិករនាពេលនេះ គឺជាកាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរ និងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

មិនតែប៉ុណ្ណោះសម្ដេចតេជោ តែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ឱ្យត្រៀមលក្ខណៈ គ្រប់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិផ្សេងៗ ជាពិសេសរងគ្រោះដោយសារទឹកជំនន់ និងមិនត្រូវទុកចោល ដោយមិនបានដឹង និងមិនបានជួយអ្វីសោះឡើយ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានទទួលស្រូវពូជពេលនេះ ត្រូវប្រញាប់យកទៅសាបព្រួសឡើងវិញ ឱ្យទាន់រដូវស្របតាមគោលដៅ និងឱ្យអស់លទ្ធភាពផ្ទៃដីបង្កបង្កើនផលដែលមាន៕